កីឡាអន្តរជាតិ៖ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសអុីតាលីបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ខ្សែប្រយុទ្ធសញ្ជាតិប៊ូស្នី Edin Dzeko ទំនងជានឹងចាកចេញពីក្លឹប Roma នៅរដូវក្តៅនេះ ព្រោះក្លឹបអាចនឹងត្រូវបង្ខំចិត្តលក់ខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួន និងជាប្រធានក្រុមដោយសារវិបត្តិហិរញ្ញវត្ថុដែលជិះឥទ្ធិពលដល់ក្លឹបអំឡុងវិបត្តិកូវីដ-១៩នេះ។
កាលពីឆ្នាំមុនកីឡាករ Dzeko បានបន្តកុងត្រារបស់គាត់ជាមួយក្រុម Roma រយៈពេល២ ឆ្នាំបន្ថែមទៀត បើទោះបីជាក្លឹប Inter Milan បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចង់បាន Dzeko មកចូលរួមក្នុងក្រុមដ៏ដោយ។
យោងតាមទស្សនាវដ្តីអុីតាលី Corriere dello Sport បានឲ្យដឹងថា ក្រុម Roma ភាគច្រើននឹងត្រូវបង្ខំចិត្តកាត់បន្ថយថ្លៃឈ្នួលប្រចាំសប្តាហ៍ ព្រោះថាវាមានគោលបំណងចង់ឲ្យមានស្ថិរភាពហិរញ្ញវត្ថុសម្រាប់ការឈានទៅលេងនៅពានរង្វាន់ Champions League រដូវកាលក្រោយ។
ក្រុម Roma បានបញ្ឈបនិយោជិកចំនួន២៥០ នាក់រួចហើយចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ បានចាប់ផ្តើមឡើងកាលពីខែមីនាហើយទំនងជាក្លឹបនឹងព្យាយាមធ្វើឱ្យប្រសើរឡើងនូវស្ថានភាពហិរញ្ញវត្ថុតាមរយៈការលក់កីឡាករឆ្នើម Edin Dzeko។
នាយកប្រតិបត្តិក្លឹបបានប្រាប់Edin Dzeko ថា ការពង្រឹងផ្នែកហិរញ្ញវត្ថុមិនមែនជារឿងប្រាកដនោះទេ ចាប់តាំងពីក្លឹបបង្ខំចិត្តទម្លាក់ប្រាក់ខែកីឡាករចំនួន៧,៥លានអឺរ៉ូក្នុងមួយខែមក ។
សូមបញ្ជាក់ថា ក្លឹប Roma កំពុងឈរលេខរៀងទី៥ក្នុងលីកកំពូលអុីតាលីមាន៥៧ពិន្ទុចាញ់ក្រុមលេខ៤ចំនួន១២ពិន្ទុឯណោះ ដែលអាចនឹងមិនមានកៅអីទៅលេង Champions League នៅរដូវកាលក្រោយ។ បច្ចុប្បន្នលីកកំពូលអុីតាលី នៅសល់៥ប្រកួតទៀតទើបចប់រដូវកាល ក្នុងនោះក្លឹប Roma ត្រូវប៉ះជាមួយក្រុម Inter Mialn ថ្ងៃទី២០ ខែកក្កដា នៅក្នុងទឹកដី, ប៉ះក្រុម SPAL ថ្ងៃទី២៣ កក្កដា នៅក្រៅទឹកដី, ប៉ះក្រុម Fiorentina នៅថ្ងៃទី២៧នៅក្នុងទឹកដី, ប៉ះក្រុម Torino ថ្ងៃទី៣០ កក្កដា នៅក្រៅទឹកដី និងប៉ះក្រុម Juventus ថ្ងៃទី២ ខែសីហា នៅក្រៅទឹកដី ៕ដោយ៖ភារៈ