អន្តរជាតិ៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Area នៅថ្ងៃសៅរ៍ទី១៨ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញនេះ នៅត្រីមាសទី២ឆ្នាំនេះតួលេខនៃការលក់ទីផ្សារស្មាតហ្វូនធំលំដាប់ទីពីរ នៅប្រទេសឥណ្ឌា លើពិភពបានធ្លាក់ចុះយ៉ាងខ្លាំង បើធៀបទៅនឹងឆ្នាំមុន។
ទីភ្នាក់ងារសារព័ត៌មាន Phone Area បានបញ្ជាក់ថា យោងតាមស្ថាប័នស្រាវជ្រាវរបស់ Canalys បានបង្ហាញរបាយការណ៍ក្នុងការស្រាវជ្រាវរបស់ខ្លួនពាក់ព័ន្ធនឹងការលក់ទូរស័ព្ទស្មាតហ្វូននៅក្នុងប្រទេសឥណ្ឌា នៅក្នុងនោះការលក់ស្មាតហ្វូនធ្លាក់ចុះ ៤៨ភាគរយបើធៀបនឹងឆ្នាំមុន។
គួរបញ្ជាក់ថា គិតត្រឹមត្រីមាសពាក់កណ្ដាលឆ្នាំ២០២០នេះ ការលក់ទូរស័ព្ទនៅក្នុងប្រទេសឥណ្ឌាបានចំនួន ១៧.៣លានគ្រឿន ដែលកាលពីឆ្នាំមុនមានរហូតដល់ ៣៣លានគ្រឿង។ ហើយមូលហេតុដែលបណ្ដាលឱ្យការលក់ធ្លាក់ចុះនេះគឺមកពីបញ្ហានៃជំងឺរីករាលដាលកូវីដ១៩ ដែលប៉ះពាល់ទាំងការលក់ទូរស័ព្ទតាមអនឡាញទៀតផង។
ដោយឡែកចំពោះក្រុមហ៊ុនទូរស័ព្ទដែលលក់បានច្រើនជាងគេគឺ Xiaomi ដែលគិតត្រឹមពាក់កណ្ដាលឆ្នាំនេះលក់បាន ៥.៣លានគ្រឿងធ្លាក់ចុះ៤៨ភាគរយបើធៀបឆ្នាំមុន។ ចំណែកអ្នកឈរនៅលេខរៀងទី២គឺVivo ដោយរយៈពេល៣ខែចុងក្រោយនេះលក់បានចំនួន៣.៧លានគ្រឿងធ្លាក់ចុះ៣៦ភាគរយ បើធៀបឆ្នាំមុន។
បើនិយាយពី Samsung វិញ បើទោះបីជាឈរនៅលំដាប់ទីបីក្ដី ប៉ុន្តែតួលេខនៃការលក់បានធ្លាក់ចុះ ៦០ភាគរយ ដោយធ្លាក់ពី ៧.៣លានគ្រឿងកាលពីឆ្នាំមុន មកនៅត្រឹម ២.៩លានគ្រឿងក្នុងឆ្នាំនេះ។
បើតាមអ្នកតំណាងឱ្យស្ថាប័នវិភាគខាងលើលោក Madhumita Chaudhary បាននិយាយថា ទីផ្សារទូរស័ព្ទដៃនៅក្នុងប្រទេសឥណ្ឌា អាចនឹងងើបឡើងវិញនៅដើមឆ្នាំក្រោយ តែក៏មិនទាន់មានសន្ទុះខ្លាំងដែរ៕ដោយ៖ស តារា