ខេត្តស្វាយរៀង៖ លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ល្បឿននៃការងារបង្កបង្កើនផលស្រូវរដូវវស្សា របស់ប្រជាពលរដ្ឋនៅទូទាំងខេត្ត សម្រេចបានការភ្ជួររាស់, ព្រោះ, ស្ទូងស្រូវគ្រប់ប្រភេទ សរុបផ្ទៃដី ១០២,៧០៧ហិកតា ស្មើនឹង ៦១.៣៣% នៃផែនការ ១៦៧,៥០០ហិកតា ធៀបនឹងឆ្នាំ២០១៩ ខ្ពស់ជាង ៥,០០០ហិកតា។
លោកបានបន្តទៀតថា នាពេលថ្មីៗនេះ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង និងកម្មវិធី ASPIRE រួមជាមួយទីប្រឹក្សាសម្របសម្រួលទីផ្សារ បានទៅចូលរួមចែកពូជស្រូវផ្ការំដួលចំនួន ៣,១៥០គីឡូក្រាម និងជីធម្មជាតិចំនួន ២,២៥០គីឡូក្រាម ជូនដល់កសិករជា
សមាជិកបណ្តុំឣាជីវកម្ម ផលិតស្រូវលក់ នៅឃុំស្វាយយា ស្រុកស្វាយជ្រំ ចំនួន៤៥គ្រួសារ ដែលមានផ្ទៃដីសរុបចំនួន២៥ហិកតា។
ជាមួយគ្នានោះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង ក៏បានផ្តាំផ្ញើឲ្យកសិករយកពូជស្រូវ និងជីទៅប្រើប្រាស់ទៅតាមការណែនាំបច្ចេកទេសដើម្បីទទួលបានទិន្នផលខ្ពស់ ប្រកបដោយគុណភាព។
សូមបញ្ជាក់ថា ការបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋខេត្តស្វាយរៀង នៅឆ្នាំ២០២០នេះ សម្រេចបានជិត១១ម៉ឺនហិកតា ស្មើនឹងជាង៦០ភាគរយ ដោយមានពលរដ្ឋប្រមាណជាង៦៥ភាគរយជាអ្នកប្រកបរបរកសិកម្ម៕យឹម សុថាន