ព័ត៌មានទាន់ហេតុការណ៍៖

តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង​ នាំយកទៀនព្រះវស្សា ទេយ្យទាន និងគ្រឿងឧបភោគ បរិភោគ និងបច្ច័យ​ ទៅវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា វត្តឈើទាល និងវត្តស្លា

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃក្នុងរដូវចូលព្រះវស្សា តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង​ រួមមាន​ លោកស្រី ដួង វណ្ណា លោកស្រី ពៅ សុភាព រួមដំណើរដោយ លោកស្រី​ ហៅ ច័ន្ទសិរីទេពីចៅ ភិរុណ​ លោក ចៅ ភិរិទ្ធ ប្រធានការងារចុះជួយឃុំឈើទាល និងក្រុមការងារ​ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងគ្រឿងឧបភោគ បរិភោគ និងបច្ច័យ​ ទៅវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តឈើទាល និងវត្តស្លា ស្ថិតក្នុងឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​ ។
ពិធីនេះបានធ្វើឡើងទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា នៅវត្តឈើទាល ដែលស្ថិតក្នុងឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកស្រីបានមានប្រសាសន៍ថា​ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនទន្ទឹមគ្នា ពិសេសពុទ្ធបរិស័ទមានជីវភាពធូរធាបានចូលរួមកសាងទីវត្តអារាមឲ្យមានការអភិវឌ្ឍរីកចម្រើនជាលំដាប់។

លោកស្រី បានមានប្រសាសន៍បន្តថា ការចូលកាន់ព្រះវស្សាគឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុ សង្ឃ និងសាមណេបានរៀនធម៌ និងវិន័យឱ្យបានខ្ជាប់ ខ្ជួនតាមពុទ្ធឱវាទរយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។ ការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេន ព្រះសង្ឃ នាពេលនេះ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌ វិន័យព្រះសម្មា​ សាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

លោកស្រី ដួង វណ្ណា ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និងត្រូវអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-១៩ កុំអោយកើតក្នុងគ្រួសារ និង នៅក្នុងមូលដ្ឋានរបស់ខ្លួន ។

នៅក្នុងឱកាសនោះ លោកស្រី ព្រមទាំងក្រុមការងារ បានប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុ​ និងបច្ច័យមួយចំនួន ដល់វត្តឈើទាល និងវត្តស្លា ៕ដោយ៖សិលា


ចែករំលែក៖