ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ លោក ឆឹម ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបាន សម្រេចឃុំខ្លួនបុរសជនជាតិចិនម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌពាក់ព័ទ្ធនឹងការយកកាំបិតប៉័ងតោកាប់សន្តិសុខបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ គ្រាន់តែខឹងមិនឱ្យនាំឆ្កែចូលបន្ទប់សណ្ឋាគារ ។
សូមបញ្ជាក់ថា ហេតុការណ៍នៃអំពើហិង្សានេះ កើតឡើងកាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចសណ្ឋាគារដាយមិនហ្វីនថៅវើ កោះពេជ្រ ក្នុងខណ្ឌចំការមន ។
ដំបូងគឺជនបង្កឈ្មោះ Zhao Long Wei និងប្រពន្ធបានមកពីខាងក្រៅ ។ ពេលមកដល់សណ្ឋាគារ មានកាន់កូនឆ្កែមួយ ។ ពេលនោះ ជនរងគ្រោះឈ្មោះ ចេវ សារួន បានធ្វើការហាមឃាត់មិនឱ្យជនសង្ស័យយកឆ្កែចូលក្នុងសណ្ឋាគារទេ ព្រោះជាបំរាមរបស់សណ្ឋាគារ ដោយជនបង្កមានអាការស្រវឹងជោកជាំផងដែរ ។
ទោះបីយ៉ាងណា ជនបង្កមិនស្តាប់ការហាមឃាត់ឡើយ ក៏បាននាំកូនឆ្កែឡើងតាមជណ្តើរយន្តទៅបន្ទប់ស្នាក់នៅជាន់ទី២៨ នៃសណ្ឋាគារ ។ ពេលនោះ ជនរងគ្រោះ និង សន្តិសុខផ្សេងទៀត បានទៅឃាត់ជនសង្ស័យមិនឱ្យយកឆ្កែចូលបន្ទប់ឡើយ ។ ទំនងជាខឹង , ជនបង្កបានចូលយកកាំបិតប៉័ងតោមកកាប់លើជនរងគ្រោះចំចង្កេះខាងស្តាំបណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ។
ចំណែកជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកតុលាការដើម្បីចាត់ការតាមច្បាប់ ៕ដោយ៖ចេស្តា