ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានប្រគល់កូនឈើចំនួន២៥០០ដើម ដែលមានទាំងប្រភេទឈើប្រណីត និងឈើធម្មតា ឱ្យទៅមន្ទីរបរិស្ថានខេត្តសៀមរាប ដើម្បីដាំស្ដារព្រៃឡើងវិញ នៅក្នុងឩទ្យានជាតិព្រះបាទជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាននៅលើទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។
យោងតាមរបាយការណ៍បាននិយាយថា កូនឈើទាំង២៥០០ដើមនេះ មានកូនឈើគ្រញូង៥០០ដើម ធ្នង់៥០០ដើម បេង៥០០ដើម កកោះ២៥០ដើម និងគគីរ៧៥០ដើម។
កាលពីថ្ងៃទី៣ កក្កដាកន្លងទៅ អាជ្ញាធរជាតិអប្សរា ក៏បានផ្ដល់កូនឈើចំនួន៣ពាន់ដើមម្ដងរួចមកហើយដល់មន្ទីរបរិស្ថានខេត្តសៀមរាប ក្នុងនោះមានឈើទាល៥០០ដើម គគីរ៧៥០ដើម ធ្នង់៥០០ដើម គ្រញូង៧៥០ដើម និងបេង៥០០ដើម សរុបទាំងពីរលើកមានចំនួន៥,៥០០ដើម។
នៅក្នុងឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរាមានគោលដៅចែកកូនឈើឱ្យបាន១០ម៉ឺនដើមដល់សារធារណជនយកទៅដាំនៅតាមសហគមន៍សម្រាប់បង្កើតគម្របបៃតងដល់បរិស្ថាន។
នេះបើតាមការបញ្ជាក់របស់លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរអប្សរា ៕
ដោយ៖ស សម