ព័ត៌មានទាន់ហេតុការណ៍៖

ទឹកទន្លេយ៉ាងស្សេ កើនឡើងខ្ពស់​ជនលិចតំបន់ជាច្រើននៅក្នុងប្រទេសចិន

ចែករំលែក៖

ប្រទេសចិន៖ ចិនកំពុងតែឆ្លងកាត់ដំណាក់កាល អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈ​ពេល​ជាច្រើនទសវត្សរ៍កន្លងមក ដោយភ្លៀងធ្លាក់ខ្លាំង​ជាប់គ្នាជាច្រើនថ្ងៃ​បង្កឲ្យមានជំនន់ទឹកភ្លៀងជនលិចដងទន្លេយ៉ាងស្សេ(Yangtze) ហួសពីកម្រិតប្រកាសអាសន្នទៅទៀត។ ទឹកជំនន់កើនឡើងធ្វើឲ្យតំបន់ជាច្រើនត្រូវ​កាត់ផ្កាច់​​ ហើយពលរដ្ឋជាច្រើនត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។
បើទោះបីទំនប់ទឹកនៅដងទន្លេYangtzeចំនួន​៣កន្លែងបានបើកទាំងអស់ ប៉ុន្តែកម្រិតទឹកក្នុងដងទន្លេបានកើនឡើង​ដល់ចំណុចខ្ពស់បំផុត។ កម្លាំងជួយសង្គ្រោះបានខិតខំជួយដល់ពលរដ្ឋ ខណៈភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ។
សារព័ត៌មាន​​AP នៅថ្ងៃទី​១៩​ខែកក្កដា បានផ្សាយថា ​មានមនុស្ស​១៤នាក់ស្លាប់នៅភាគកណ្តាលប្រទេសចិន ដោយសារតែភ្លៀងធ្លាក់ខ្លាំង​ និង​១១នាក់ទៀតស្លាប់នៅខេត្តណានជីង (Nanjing) ។​ តាមការប្រកាស ពីបណ្តាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបញ្ជាក់ថា មានពលរដ្ឋ​ជាង​២ម៉ឺននាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព​​ ហើយមានផ្ទះជាង​១ពាន់ខ្នងរងការបំផ្លាញទាំងស្រុង។
មកទល់ពេលនេះ ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ​នៅក្នុងទីក្រុងចំនួន​១១​។

តាមការព្យាករនឹងមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃខាងមុខទៀត។
តាមសារព័ត៌មានSCMP បានផ្សាយថា គ្រោះទឹកជំនន់លើកនេះមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង​២០ឆ្នាំកន្លងមក​។ សូមបញ្ជាក់ផងដែរថា គ្រោះទឹកជំនន់ធំបំផុតកើតឡើងនៅឆ្នាំ ១៩៩៨​ ដែលបានសម្លាប់មនុស្សជាង ២ពាន់នាក់ ផ្ទះជាង​៣លានខ្នងរងការបំផ្លាញ ភាគច្រើននៅតាមបណ្តោយមាត់ទន្លេ (Yangtze)៕ដោយ៖ធី រីណា


ចែករំលែក៖