ខេត្តសៀមរាប៖ បើយោងតាមប្រភពកម្ពុជាដែនដីសុវណ្ណភូមិ បានឱ្យដឹងថា៖ ប្រាសាទសួព្រ័ត្រ ឬប្រាសាទនាង ១២ គឺជាប្រាសាទដែលស្ថិតនៅក្នុងក្រុងអង្គរធំ ទល់មុខលានជល់ដំរី។ ប្រាសាទនេះមានប្រាង្គចំនួន ១២ ហេតុដូច្នេះហើយបានជាគេហៅប្រាសាទនេះថា ប្រាសាទនាង ១២។ ប្រាសាទសួព្រ័តសាងសង់នៅដើមសតវត្សទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះសាងសង់ក្នុងរចនាប័ទ្មបាយ័នមានប៉មដូចៗគ្នាចំនួន១២ ធ្វើពីថ្មបាយក្រៀម និងថ្មភក់ ឈរទល់មុខគ្នា និងដូចគ្នាទៅនឹងលានជល់ដំរី។ នៅពីក្រោយប្រាង្គទាំងនោះមានស្រះទឹកធំចំនួនពីរ និងសំណង់អគារចំនួនពីរទៀតដែលគេហៅថាប្រាសាទឃ្លាំងខាងជើង និងខាងត្បូង ដែលប្រើប្រាស់សម្រាប់ស្តុកទុកវត្ថុមានតម្លៃពីសម័យមុន។
យោងតាមការតំណាលតៗគ្នា មានមតិ១ថាប្រាសាទសួព្រ័តនេះត្រូវបានគេប្រើសម្រាប់ចងខ្សែពួរ ភ្ជាប់ពីកំពូលមួយទៅកំពូល១ដើម្បីសម្តែងសៀករហស្សកម្មសម្រាប់ស្តេចទតកម្សាន្ត តែបើយោងតាមមតិមួយទៀតគេបានហៅប្រាសាទនេះថាជាប្រាសាទនាង១២ ព្រោះគេយល់ថាប្រាសាទទាំង១២នេះត្រូវបានប្រើសម្រាប់ឃុំឃាំងព្រះនាងទាំង១២ក្នុងរឿងពុទ្ធិសែននាងកង្រី ហើយក៏មានមតិមួយផ្សេងទៀតបានបង្ហាញថាប្រាសាទទាំង ១២នេះតំណាងអោយអាណាខេត្តសំខាន់ៗទាំង ១២ របស់ខ្មែរក្នុងសម័យនោះ។ បើយោងតាមរបាយការណ៍លោកជីវ តាក្វាន់បញ្ជាក់ថា បើមានគ្រួសារពីរមានក្តីក្តាំនឹងគ្នា ហើយរកកាត់សេចក្តីថានរណាត្រង់វៀចមិនកើត។ នៅពីមុខវាំងមានប្រាសាទតូចៗចំនួន១២ខ្នង ហើយគេបញ្ជាកូនក្តីឱ្យចូលទៅអង្គុយក្នុងប្រាសាទនេះមួយម្នាក់។ គេអង្គុយតាំងពីរ បី ឬបួនថ្ងៃទៅ បើនរណាជាអ្នកធ្វើខុសនឹងច្បាប់ ពិតជាមានភស្តុតាងលេចឡើងមិនខាន គឺបើមិនចេញកមរមាស់ទេ ក៏ក្អកក្តៅផ្តាសាយដែរ។ ឯអ្នកទៀងត្រង់ឥតមានផលរមាស់អ្វីឡើយ៕ដោយ៖សិលា