ព័ត៌មានទាន់ហេតុការណ៍៖

រដូវវស្សាឆ្នាំនេះប្រជាកសិករទទួលបានទិន្នផលល្អប្រសើរនាំស្រូវទៅលក់នៅវៀតណាមជាច្រើនតោនក្នុង១ថ្ងៃៗ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាកសិករក្នុងខេត្តស្វាយរៀងបាននាំគ្នាបង្កបង្កើនផល ទទួលទិន្នផលល្អប្រសើរ ហើយរដូវវស្សានេះពួកគេបាននាំស្រូវទៅលក់នៅវៀតណាមជាច្រើនតោនក្នុង១ថ្ងៃៗ

ទោះបីមានការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។

ក្រុមអាជីវករបាននាំស្រូវចេញទៅប្រទេសវៀតណាមត្រង់ចំណុចប្រឡាយទាហាន ជិតច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ ស្ថិតក្នុងភូមិព្រៃវល្លិ ឃុំថ្មី ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង ។

យោងតាមក្រុមអាជីវករបានឲ្យដឹងថា ស្រូវដឹកមកពីខេត្តព្រៃវែង និងស្រូវខេត្តស្វាយរៀង គឺស្រូវអ៉ីអ៊ែរ បើទិញពីប្រជាកសិករនៅខេត្តព្រៃវែង ឬខេត្តត្បូងឃ្មុំ១គីឡូក្រាមតម្លៃ៦៥០ ទៅ៧០០រៀល តែបើទិញនៅខេត្តស្វាយរៀងដឹកដល់ចំណតទូក ១គីឡូក្រាមតម្លៃ៧៥០រៀលទៅ៨០០រៀល ហើយតម្លៃនេះគឺទៅតាមពូជស្រូវ (ស្ងួត)។ បន្ទាប់មក បើលក់ទៅឲ្យវៀតណាម១គីឡូក្រាមតម្លៃ៨៧០រៀល ខណៈស្រូវស្រែ ស្រូវស្មើ ស្រូវនាងម៉ិញ នាងអួក ម៉ុងម៉ាំង ស្មោងមាន់ ក្នុង១គីឡូក្រាមតម្លៃ៩០០រៀលទៅ៩៥០រៀល។

ស្រូវក្រអូបទិញក្រៅខេត្ត មកពីខេត្តព្រៃវែង ១គីឡូក្រាម តម្លៃ១,០០០រៀល ដឹកមកដល់កំពង់ទូក ១គីឡូក្រាម តម្លៃ១,១០០រៀល ទៅ១,១៥០រៀល ស្រូវផ្កាម្លិះ១គីឡូក្រាម តម្លៃ១,២០០រៀលទៅ១,៣០០រៀល ហើយតម្លៃនេះគិតតាមពូជស្រូវ (ស្ងួត)។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងលោក ថាច់ រតនា បានឲ្យដឹងថា ស្រូវនាំចេញទៅប្រទេសវៀតណាម រយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ ស្រូវនាំចេញទៅប្រទេសវៀតណាមតាមប្រឡាយទាហាន ជិតច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ ចំនួន៥,១៥០តោន។

លោកបន្តថា «នេះជាមោទនភាពសម្រាប់ប្រជាកសិករខ្មែរយើង បង្កបង្កើនផលស្រូវរដូវប្រាំង ដែលបានច្រូតកាត់ចាប់ពីដើមខែមិថុនា រហូតមកដល់ខែកក្កដា ឆ្នាំ២០២០នេះ។ ប្រជាកសិករមានស្រូវអង្ករផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ហើយមានស្រូវនាំចេញទៅក្រៅប្រទេសទៀត ទោះបីមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ផ្ទុះនៅលើពិភពលោក និងនៅកម្ពុជាយើងក៏ដោយ ក៏រាជរដ្ឋាភិបាលបានគ្រប់គ្រងបានគ្មានជំងឺកូវីដ-១៩ ឆ្លងតាមសហគមន៍នោះទេ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖