អន្តរជាតិ៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន CNA បានចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០នេះថា ព្រះចៅ សាល់ម៉ាន់ ប៊ីនអាប់ឌូលឡាស៊ីស (Salman bin Abdulaziz) នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតទ្រង់មានជន្មាយុ ៨៤ព្រះវស្សា បានយាងចូលមន្ទីរពេទ្យដើម្បីទទួលការពិនិត្យព្រះរាជសុខភាព ។
សារព័ត៌មាន CNA បានគូសបញ្ជាក់ថា ព្រះចៅ សាល់ម៉ាន់ ប៊ីន អាប់ឌូលឡាស៊ីស នៃប្រទេសអារ៉ាប៊ីសាអូឌីតដែលនាំចេញប្រេងច្រើនជាងគេបំផុតនៅលើពិភពលោកអង្គនេះ មានបញ្ហារលាកថង់ទឹកប្រមាត់ ប៉ុន្តែមិនទាន់មានប្រភពណាមួយ អាចផ្តល់ព័ត៌មានលម្អិតជុំវិញបញ្ហានេះទេ។
សូមជម្រាបថា ព្រះចៅ សាល់ម៉ាន់ បានចំណាយពេលជាងពីរឆ្នាំកន្លះ កាន់មុខតំណែងជាព្រះរាជទាយាទ និងជាឧបនាយករដ្ឋមន្ត្រីរបស់អារ៉ាប៊ីសាអូឌីតចាប់ពីខែមិថុនា ឆ្នាំ២០១២ រហូតទាល់តែទ្រង់បានឡើងគ្រងរាជសម្បត្តិជាផ្លូវការ នៅខែមករា ឆ្នាំ២០១៥។ មិនតែប៉ុណ្ណោះទ្រង់ក៏ធ្លាប់បម្រើការជាអភិបាលក្រុងរីយ៉ាដ អស់រយៈពេល ៥០ឆ្នាំផងដែរ។
គួរបញ្ជាក់ថា ដោយសារតែព្រះរាជសុខភាពទ្រុឌទ្រោមនេះហើយ ទើបកាលពីប៉ុន្មានឆ្នាំមុន ទ្រង់បានប្រគល់រាជកិច្ចមួយចំនួនឲ្យព្រះរាជទាយាទមហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) ដែលមានព្រះជន្មាយុ ៣៤វស្សារាប់រងជំនួស។ បច្ចុប្បន្នព្រះចៅ សាល់ម៉ាន់កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យឯកទេសនៃព្រះចៅហ្វៃសាល់ (Faisal) ក្នុងរាជធានីរីយ៉ាដ៕ដោយ៖ស តារា