ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយមានករណីធ្លាក់ដែកចំបុរសម្នាក់បណ្តាលអោយរងរបួសធ្ងន់ធ្ងរ , អាជ្ញាធរសម្រេចបិទការដ្ឋានអគារខុនដូ៩៩៩ ដែលគ្មានច្បាប់អនុញ្ញាត និង ឃាត់ខ្លួនមនុស្ស២នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីមានករណីធ្លាក់ដែកចំបុរសម្នាក់ដែលកំពុងជិះម៉ូតូបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរមក អាជ្ញាធរខណ្ឌបឹងកេងកងបានសម្រេចបិទការដ្ឋានអគារខុនដូ៩៩៩ដែលគ្មានច្បាប់អនុញ្ញាត និង ឃាត់ខ្លួនវិស្វករម្នាក់និងអ្នកគ្រប់គ្រងសំណង់ម្នាក់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០  នៅចំណុចការដ្ឋានសំណង់ខុនដូ៩៩៩ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។ 

តាមរបាយការណ៍ពីអាជ្ញាធរដែលទើបទទួលបាននៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះបានបង្ហាញថា ជនសង្ស័យទាំង២នាក់ រួមមាន ៖

១-ឈ្មោះ ម៉ីម៉ា រ៉ាឌី ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ ៨C ផ្លូវលំ ភូមិគោកឃ្លាង សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ , មុខរបរ វិស្វករសំណង់ ( អ្នកគ្រប់គ្រង ) ។

២- ឈ្មោះ អ៊ុង សាវឿន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានមុខរបរជាមេការ ( អ្នកគ្រប់គ្រង ) ។

ចំណែកជនរងគ្រោះមានឈ្មោះ ឈិត សុភាព ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ២៣F ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរអនុប្រធានភូមិទួលរកា១។

វត្ថុតាងចាប់យកមានដែកទីបជ្រុងចំនួន ១ដើម ប្រវែង ២,៨០ម៉ែត្រ , ម៉ូតូ១គ្រឿងម៉ាកអ៊ែរប្ល៊េក ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខ 1 AP -3136 ( របស់ជនរងគ្រោះ ) , មួកសុវត្ថិភាពចំនួន១ ( របស់ជនរងគ្រោះ ) , ពូកពណ៌ទឹកក្រូច ចំនួន១ ( របស់ជនរងគ្រោះ) ។

មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ ម៉ាកអ៊ែរប្ល៊ែក ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1 AP -3136 ដឹកពូកចេញពីម្ដុំចំការដូង ក្នុងគោលបំណងយកទៅឲ្យគេនៅម្ដុំអង់តែនទួលគោក។ ពេលជនរងគ្រោះជិះម៉ូតូមកដល់កន្លែងកើតហេតុខាងលើ ក៏ស្រាប់តែមានខ្យល់បក់ខ្លាំងហើយក៏មានធ្លាក់ដែកទីបជ្រុងចំនួន១ដើម ប្រវែង ២,៨០ម៉ែត្រធ្លាក់ពីលើជាន់ទី១៩ អគារខុនដូយីហោ ៩៩៩ ដែលកំពុងសាងសង់មានកម្ពស់២២ជាន់ ធ្លាក់ត្រូវចំក្បាលជនរងគ្រោះដែលកំពុងជិះម៉ូតូ បណ្ដាលឲ្យជនរងគ្រោះ បែកមួកសុវត្ថិភាព និងក្បាលហូរឈាមផ្នែកខាងស្ដាំ។ ភ្លាមៗនោះជនរងគ្រោះត្រូវបានយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បង្កឱ្យមានការភ្ញាក់ផ្អើល ។ខណ:នោះសមត្ថកិច្ចល្បាតទៅដល់ក៏បានឃាត់ជនសង្ស័យដែលជាអ្នកគ្រប់គ្រងការដ្ឋានសំណង់ខាងលើ ដើម្បីធ្វើការសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក ។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានឃាត់នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់ការតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីមានករណីនេះកើតឡើង គេសង្កេតឃើញមានវត្តមានរបស់លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ចុះពិនិត្យជាក់ស្តែង ។ ជាលទ្ធផលទីតាំងសំណង់ខុនដូ៩៩៩ នេះ គឺ គ្មានលិខិតអនុញ្ញាតសាងសង់នោះទេ ជារបស់ឈ្មោះ ទាវ ធីតា ហើយការធ្លាក់ដែកត្រូវចំអ្នកដំណើរនេះ គឺគ្មានកម្មករ គ្មានជាងនៅធ្វើការនោះទេ ។

ដូច្នេះហើយ លោក មាន ចាន់យ៉ាដា បានសម្រេចធ្វើការបិទការដ្ឋានសំណង់នេះទាំងស្រុង និងហាមដាច់ខាតមិនឲ្យមានកម្មករស្នាក់នៅក្នុងការដ្ឋាននេះនោះទេ រង់ចាំមានលិខិតអនុញ្ញាតទើបអាចបន្តសាងសង់បាន ៕ដោយ៖ចេស្តា


ចែករំលែក៖