អន្តរជាតិ៖យ៉ាងហោចណាស់ក៏មានមនុស្ស២១នាក់ស្លាប់និង២៨នាក់រងរបួសជាទម្ងន់ក្រោយពីខ្មាន់កាំភ្លើងមួយក្រុមបាញ់ប្រហារទៅលើពិធីរៀបមង្គលការក្នុងភូមិ Kukum Daji ស្រុក Kaura រដ្ឋ Daduna ស្ថិតនៅភាគខាងត្បូង នៃប្រទេសនីហ្សេរីយ៉ា។
លោក Yashen Titus មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ខ្មាន់កាំភ្លើងសង្ស័យថាជាអ្នកគង្វាលសត្វចិញ្ចឹម ជាអ្នកវាយប្រហារទៅលើពិធីរៀបការ នៅវេលាម៉ោង២២ ថ្ងៃទី ២០ ខែកក្កដា (ពេលវេលាក្នុងតំបន់)។
លោក Yashen Titus បានបន្តទៀតថា មានមនុស្ស១៩នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងមនុស្ស២នាក់ទៀតស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ អ្នករងរបួសបានបញ្ជូននៅកាន់មន្ទីរពេទ្យBarau Dikko ។
ជាច្រើនទសវត្សរ៍កន្លងមក ប្រទេសនីហ្សេរីយ៉ា មានភាពល្បីល្បាញពីអំពើហិង្សា ការសម្លាប់មនុស្សជាច្រើនដែលបង្កឡើងដោយក្រុមសហគមន៍អ៊ិស្លាម Fulani ជាអ្នកចិញ្ចឹមសត្វ ជាមួយនឹង សហគមន៍អ្នកកសិករ កាន់សាសនាគ្រិឹស្ត ជាជនជាតិ Tarok ។ វិវាទរវាងក្រុមសហគមន៍ទាំងពីរ គឺពាក់ព័ន្ធនឹងដីធ្លី ពិសេសគឺអ្នកចិញ្ចឹមសត្វឲ្យទៅស៊ីដំណាំរបស់កសិករ ហើយកសិករវាយប្រហារទៅលើសត្វទាំងនោះជាហេតុធ្វើឲ្យវិវាទកើតមានមិនចេះចប់នោះឡើយ។
រដ្ឋាភិបាលបានខិតខំផ្សះផ្សាវិវាទជាតិសាសន៍ ដោយបានបញ្ជូនកម្លាំងទាហានជាច្រើនទៅការពារសន្តិសុខនៅទីនោះ ។ ប៉ុន្តែមិនអាចការពារបានឡើយដោយការវាយប្រហារ គឺជាការលួចឆ្មក់ពិបាកការពារ៕៕ដោយ៖ធី រីណា