ខេត្តកំពង់ធំ៖ នៅវេលាម៉ោង២រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ម្សិលមុិញនេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកប្រាសាទបល័ង្កខេត្តកំពង់ធំបានតាមចាប់ខ្លួនប្តីកំណាចជាឃាតកម្នាក់ដែលកាប់សម្លាប់ប្រពន្ធរួចយកទៅបោះទម្លាក់ទឹកស្រះក្រោយផ្ទះចម្ងាយជាង១០០ម៉ែត្រ។
អំពើឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃដដែលនៅក្នុងភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។
មន្រ្តីនគរបាលស្រុកបល័ង្កបានឲ្យដឹងថាសាកសពស្រ្តីរងគ្រោះឈ្មោះ ស្រ៊ុន ចន្រ្ទា អាយុ ៣០ឆ្នាំ នៅភូមិកើតហេតុមុខរបរគ្រូពេទ្យឯកជនប្រចាំភូមិ ត្រូវបានជនសង្ស័យជាប្តីឈ្មោះ ធល ធារិទ្ធ អាយុ ៣០ឆ្នាំកាប់នឹងកាំបិតផ្គាក់ដងវែង ចំកញ្ចឹងកខាងឆ្វេង បណ្តាលឲ្យស្លាប់ហើយជនសង្ស័យបានយកសពទៅបោះទម្លាក់ចូលទឹកស្រះនៅខាងក្រោយផ្ទះចម្ងាយជាង១០០ម៉ែត្រដើម្បីបំបាត់ភស្តុតាង ខណ:គ្រួសារនេះមានកូន ៣នាក់ស្រីម្នាក់រស់នៅក្នុងបន្ទុក។
សមត្ថកិច្ចបានឲ្យដឹងទៀតថាបន្ទាប់ពីកើតហេតុឃាតកជាប្តីបានរត់គេចខ្លួនតែករណីនេះកម្លាំងជំនាញបានស្រាវជ្រាវដឹងរហូតដល់ម៉ោង ២រសៀលថ្ងៃកើតហេតុទើបសមត្ថកិច្ចជំនាញតាមចាប់ខ្លួនបាន។
ក្រោយឃាត់ខ្លួនបានជនសង្ស័យជាប្តីបានបានសារភាពថា ខ្លួនគេពិតជាបានកាប់ប្រពន្ធ បណ្តាលឲ្យស្លាប់ប្រាកដមែនមូលហេតុមានជម្លោះក្នុងគ្រួសារនិងឈានដល់ប្រើអំពើហិង្សាព្រោះទ្រាំលែងបាននឹងសម្តីប្រពន្ធជេរមាក់ងាយខ្លួនជាប្តី។
បច្ចុប្បន្នឃាតករូបនេះរួមជាមួយកាំបិតផ្គាក់មួយដើមដែលជាឧបករណ៍សម្លាប់មនុស្សត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងទៅសាលាដំបូងខេត្តកំពង់ធំដើម្បីចាត់ការតាមច្បាប់៕ ដោយ៖ប្រាថ្នា