កីឡាអន្តរជាតិ៖ លោក Stefano Pioli បានបន្តកុងត្រាជាគ្រូបង្វឹករបស់ AC Milan ស្របពេលដែលសារព័ត៌មានអុីតាលី Rossoneri បានបញ្ជាក់ថា បុរសវ័យ៥៥ឆ្នាំរូបនេះបានបន្តការងាររយៈពេល២ឆ្នាំដល់ឆ្នាំ២០២២។ អតីតគ្រូបង្វឹក Fiorentina និង Inter Milan រូបនេះបានចូលកាន់តំណែងនៅឯក្លឹប AC Milan កាលពីខែតុលាឆ្នាំមុនក្នុងកិច្ចសន្យារយៈពេលខ្លីដែលនឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែត្រូវបានក្លឹបផ្តល់សេចក្តីទុកចិត្តបន្តរយៈពេល២ឆ្នាំទៀត។
សេចក្តីថ្លែងការណ៍មួយរបស់ក្លឹបបានសរសេរថា “AC Milan ប្រកាសពីការបញ្ចប់កិច្ចព្រមព្រៀងជាមួយលោក Stefano Pioli សម្រាប់ការបន្តកុងត្រា២ឆ្នាំទៀតរបស់គាត់ក្នុងនាមជាគ្រូបង្វឹកដែលនឹងផុតកំណត់នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២” ។
នាយកប្រតិបត្តិក្លឹប AC Milan លោក Ivan Gazidis បានមានប្រសាសន៍ថា “ខ្ញុំពិតជារីករាយណាស់ជាមួយនឹងកិច្ចព្រមព្រៀងនេះ លោក Stefano អាចផ្តល់នូវចក្ខុវិស័យបាល់ទាត់ដែលយើងមានសម្រាប់ក្លឹបរបស់យើងដែលគួរឱ្យរំភើប រីកចំរើននិងផ្តល់សេចក្តីទុកចិត្ត”។
នាយកប្រតិបត្តិរូបនេះបានបន្តថា “នេះមិនមែនជាការសម្រេចចិត្តដោយផ្អែកលើជ័យជំនះនាពេលថ្មីៗនេះទេ ប៉ុន្តែវាអាស្រ័យទៅលើវិធីដែលលោក Stefano បានកសាងស្មារតីក្រុម និងសាមគ្គីភាពនៃគោលបំណងដែលគាត់បានធ្វើឱ្យប្រសើរឡើងនូវការលេងរបស់កីឡាករម្នាក់ៗនិងសហការជាក្រុម ដែលគាត់បានទទួលយកចក្ខុវិស័យរបស់យើង និងវិធីដែលគាត់បានបង្ហាញខ្លួនគាត់ និងគុណតម្លៃរបស់ក្លឹប”។
ក្រោយពីទទួលកិច្ចសន្យាថ្មី លោក Pioli បាននិយាយថា “ខ្ញុំរីករាយនិងមានមោទនភាពចំពោះការជឿទុកចិត្តដែលខ្ញុំបានទទួលពី AC Milan។ ខ្ញុំសូមថ្លែងអំណរគុណដល់អ្នករាល់គ្នារួមទាំងអ្នកគាំទ្ររបស់យើងដែលយើងពិតជាខកខាននៅឯកីឡដ្ឋាន ប៉ុន្តែតែងតែមានភាពជិតស្និទ្ធនិងគាំទ្រដូចអ្វីដែលខ្ញុំបាននិយាយ។ ពេលវេលាអនាគតរបស់យើងនៅពេលនេះ ត្រូវតែផ្តោតអារម្មណ៍ និងប្តេជ្ញាចិត្តរួបរួមគ្នាដើរតួរជាក្រុមតែមួយ។ យើងកំពុងស្ថិតនៅលើផ្លូវដ៏វិសេសវិសាលមួយ ហើយប្រសិនបើយើងនៅតែធ្វើការតាមរបៀបនេះយើងនឹងរីកចម្រើននិងមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង” ៕ដោយ៖ភារៈ