ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីកម្មការិនីរោងចក្រម្នាក់លួចម៉ូតូអ្នកធ្វើការជាមួយគ្នាត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ស្ត្រីសង្ស័យជាកម្មការិនីម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនបន្ទាប់ពីម្ចាស់ម៉ូតូដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចហើយមកពិនិត្យកាំម៉ារាសុវត្តិភាពក្នុងរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនក្រុងបាវិត។

ការឃាត់ខ្លួនស្ត្រីសង្ស័យខាងលើវេលាម៉ោង៩ព្រឹកថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២០ស្ថិតនៅក្នុង ភូមិថ្នាញ  សង្កាត់បាទី  ក្រុងបាវិត  ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាស្ត្រីសង្ស័យមានឈ្មោះសែន សាវីន អាយុ៣៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិអង្គតាមោគ  ឃុំប្រសូត្រ  ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ចំណែកម្ចាស់ម៉ូតូមានឈ្មោះល័ស ម៉ែន អាយុ៣៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រមានទីលំនៅភូមិតាដែវ  ឃុំមេសថ្ងក  ស្រុកចន្ទ្រា  ខេត្តស្វាយរៀង។

ម៉ូតូដែលលួចបាត់ម៉ាកហុងដាសេ១២៥ពណ៌ខ្មៅស្លាកលេខស្វាយរៀង១J.០២៧៧ ផលិតឆ្នាំ២០១៦។

ប្រភពបន្តថានៅព្រឹកថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២០កលាំងជំនាញនគរបាលក្រុងបាវិតបានទទួលពាក្យបណ្ដឹង១ច្បាប់ពីម្ចាស់ម៉ូតូថានៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង៤៖១០នាទី​ល្ងាចពេលខ្លួនចេញពីធ្វេីនៅរោងចក្រដើរមករកមេីលម៉ូតូដែលបញ្ឈរទុកដូចសព្វដងមិនឃើញមានការភ្ញាក់ផ្អើលតែម្ដង។

ក្រោយពីទទួលពាក្យបណ្តឹងរួចសមត្ថកិច្ចបានទៅដល់រោងចក្រគុយហ័រស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនស្ថិតនៅក្នុងភូមិថ្នាញ  សង្កាត់បាទី  ក្រុងបាវិត  ខេត្តស្វាយរៀងដេីម្បីសហការជាមួយរោងចក្រពិនិត្យតាមកាំម៉ារាសុវត្ថិភាពបានកំណត់មុខសញ្ញាម្នាក់ជាស្រីដែលបម្រើការនៅរោងចក្រនោះរួចក៏បានឃាត់ខ្លួនមកអធិការដ្ឋាននគរបាលក្រុងបាវិតដេីម្បីធ្វេីការសាកសួរ។

នៅចំពោះសមត្ថកិច្ននគរបាលជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូប្រាកដមែនបន្ទាប់ពីលួចបានហេីយខ្លួនបានជិះយកបញ្ចាំនៅផ្សារប្រសូត្រស្រុកស្វាយទាបក្នុងតំម្លៃ ៣៥០$ ផងដែរ។

បច្ចប្បន្នស្ត្រីសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាវិត ដេីម្បីកសាងសំណុំរឿងបញ្ជួនទៅការរិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់។

ដោយ៖យឹម សុថាន


ចែករំលែក៖