អន្តរជាតិ៖ កម្លាំងអាជ្ញាធរប្រទេសឥណ្ឌូណេស៊ី បានប្រើធម៌ក្ដៅរឹបអូសយកទូកនេសាទវៀតណាមពីរគ្រឿង ក្រោយចូលនេសាទខុសច្បាប់និងតដៃជាមួយអាជ្ញាធរនៅក្នុងដែនសមុទ្ររបស់ខ្លួន ជាមួយក្រុមអ្នកនៅលើទូកនេសាទខុសច្បាប់ទាំងនេះ។
បើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៤ខែកក្កដា ឆ្នាំ២០២០នេះ ដោយដកស្រង់សម្តីអាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា ទូកនេសាទវៀតណាមទាំងពីរគ្រឿងខាងលើ ទំនងជាបានធ្វើការនេសាទដោយខុសច្បាប់ នៅតាមជ្រោយនៃតំបន់សមុទ្រចិនខាងត្បូង ហើយអ្នកនៅលើទូកថែមទាំងបានតដៃ និងតឹងសសៃកជាមួយអាជ្ញាធរ អស់រយៈពេលជាង ២ម៉ោង កំឡុងពេលឃាត់ខ្លួនផងដែរ។
លោក ម៉ារ៉ាហ្វ (Ma’ruf) ជាកាពីទែននៃ នាវាចម្បាំងមួយគ្រឿងរបស់ឥណ្ឌួណេស៊ី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កាពីទែននៅលើទូកនេសាទវៀតណាមមួយគ្រឿង ក្នុងចំណោមពីរគ្រឿងបានតដៃ និងវាយប្រហារមកលើពួកយើងវិញ ប៉ុន្តែយើងនៅតែអាចគ្រប់គ្រងស្ថានការណ៍បាន»។ ដោយឡែកកម្មកររាប់សិបនាក់ លើទូកនេសាទវៀតណាមទាំងពីរគ្រឿងនេះ ត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីឃាត់ខ្លួន។
សូមជម្រាបថា កាលពីខែមីនាកន្លងទៅ ឥណ្ឌូណេស៊ីបានរឹបអូសទឹកនេសាទវៀតណាមចំនួន ០៥គ្រឿង និងឃាត់ខ្លួនមនុស្ស ៧០នាក់ ដែលចូលមកនេសាទនៅក្នុងតំបន់ដែនសេដ្ឋកិច្ច ពិសេសផ្ដាច់មុខនៅក្នុងសមុទ្រចិនខាងត្បូង ហើយជាធម្មតាទូកនេសាទ ដែលត្រូវបានចាប់នោះគឺត្រូវបំផ្ទុះឲ្យលិចចូលក្នុងសមុទ្រតែម្តង ។
គួរបញ្ជាក់ថា អាជ្ញាធរឥណ្ឌូណេស៊ី បានអះអាងថា ប្រទេសរបស់ខ្លួនមានទីប្រជុំកោះ ច្រើនជាងគេបំផុតនៅលើពិភពលោក ហើយការនេសាទដោយខុសច្បាប់នេះ បានធ្វើឲ្យប្រទេសខ្លួនខាតបង់សេដ្ឋកិច្ចរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ។ ខណៈបច្ចុប្បន្នខ្លួនកំពុងព្យាយាមបញ្ឈប់ទូកនេសាទបរទេសដែលទន្ទ្រានចូលមកនេសាទ នៅក្នុងដែនទឹករបស់ខ្លួនដោយខុសច្បាប់ ៕
ដោយ៖ស តារា