ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ស្លាប់ក្បែរចិញ្ចើមផ្លូវសង្ស័យខ្យល់គរ

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសចំណាស់ម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្បែរចិញ្ចើមផ្លូវ​ ដែលការស្លាប់នេះគេសង្ស័យថាជាករណីខ្យល់គរ។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៨និង៣០នាទីព្រលប់ថ្ងៃទី២៣ខែកក្តដាឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

    មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះសៀង អៀវលី ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល។

     ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ប្រជាពលរដ្ឋឈ្មោះស្រ៊ិន ទូច ភេទស្រី នៅភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង។ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាគុបជ្រុង ពណ៌ទឹកប៊ិច ពីទិសខាងត្បូងមកដល់មុខផ្ទះគាត់ រួចសុំសម្រាកក្បែរចិញ្ចើមថ្នល់ ហើយឈ្មោះស្រ៊ិន ទូចក៏បានក្រាលតង់ឲ្យជនរងគ្រោះសម្រាកបានមួយសន្ទុះក៏ស្លាប់ទៅ។

    បើតាមការបំភ្លឺរបស់ឈ្មោះម៉ៅ ជីឡេងភេទប្រុស អាយុ៣៧ឆ្នាំត្រូវជាក្មួយជនរងគ្រោះនៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាងថា ពូរបស់គាត់ផឹកស្រាជាប្រចាំដោយមានស្រាថ្នាំមួយដបនៅជាប់នឹងម៉ូតូស្រាប់។

    ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចស្រុកស្អាង បានចុះមកកន្លែងកើតហេតុ រួចធ្វើការពិនិត្យសាកសពហើយសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរគាំងបេះដូង។ បន្ទាប់ពីពិនិត្យរួច​ សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ស្អាងជ័យ


ចែករំលែក៖