ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាគណៈអធិបតីដ៍ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតំណែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បន្ទាប់លោក ឧត្ដមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការចាស់ទទួលមណៈភាពនាថ្មីៗកន្លងទៅនេះ និងនាយសេនាធិការដ្ឋានផងដែរ ។
ពិធីប្រកាសមុខតំណែងមេបញ្ជាការ និងនាយសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ខាងលើនេះ ធ្វើឡើងនៅសាលប្រជុំនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ស្ថិតនៅភូមិអូរស្ដៅ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។
ពិធីប្រកាសតំណែង មេបញ្ជាការ និងនាយសេនាធិការកងរាជអាវុធហត្ថពោធិ៍សាត់ខាងលើនេះ លោក វរៈសេនីយ៍ឯក សូ សុវណ្ណឌី អតីតៈមេបញ្ជារង និងជានាយសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បច្ចុប្បន្ន ជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងលោក វរៈសេនីយ៍ទោ ឌុច សម្ភស្ស មេបញ្ជាការរងសេនាធិការដ្ឋានកងឯកភាពនៃបញ្ជាដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ជានាយសេនាធិការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ។
ក្នុងឱកាសនោះលោក វរៈសេនីយ៍ឯក សូ សុវណ្ណឌី មេបញ្ជាការនៃបញ្ជាដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ មានមតិប្ដេជ្ញាចិត្តក្នុងដឹកនាំកងកំលាំងបន្ត ។ ក្នុងនោះដែរលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងប្រធានគណៈបញ្ជាការឯកភាពខេត្ត មានប្រសាសន៍សំណេះសំណាល និងការដឹកនាំឲ្យចំទិសដៅតួនាទីភារកិច្ចក្នុងនាមជាមេបញ្ជាការអង្កភាព ។
ជាបន្ត ៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងនៃកងខេមរៈភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍សំណេះសំណាល និងផ្ដាំផ្ញើរយ៉ាងសុីជម្រៅក្នុងការដឹកនាំក្នុងនាមមេអង្កភាព នាយឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍សំខាន់ៗជាច្រើនចំណុច និងបានប្រគល់ផែនទី.គំរូអគារទីតាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ថ្មី ដើម្បីសិក្សា និងអនុវត្តនាពេលខាងមុខ ៕ ដោយ៖បុឹម ពិន