ខេត្តស្វាយរៀង៖ គណៈកម្មការចម្រុះខេត្តដឹកនាំដោយលោកហែម ពិសិដ្ឋ អភិបាលរងតំណាងអភិបាលខេត្តស្វាយរៀងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាជនចំណាកស្រុកសូមបញ្ឈប់ការទន្ទ្រានយកដីចំណីបឹងខ្វាងក្នុងសង្កាត់ព្រៃអង្គុញក្រុងបាវិតដែលជាដីរបស់រដ្ឋនិងកុំជឿតាមការញុះញង់របស់ជនខិលខូចមួយចំនួន នាំឲ្យខាតពេលវេលាក្នុងការបំពេញការងាររកសុីចិញ្ចឹមក្រុមគ្រួសារ។
មានប្រសាសន៍បែបនេះក្នុង កិច្ចប្រជុំពិភាក្សារកដំណោះស្រាយដីចំណីព្រែកបឹងខ្វាងខណៈបងប្អូនប្រជាពលរដ្ឋចំណាកស្រុកបានរំលោភយកធ្វើជាកម្មសិទ្ធជាច្រើនគ្រួសារក្នុងសង្កាត់ព្រៃអង្គុញ ក្រុងបាវិតនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។
លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀងបានមានប្រសាសន៍បន្តថាការចុះមកថ្ងៃនេះគឺដើម្បីធ្វើការផ្សព្វផ្សាយ អប់រំណែនាំដល់អ្នកចំណាកស្រុកដែលបានរំលោភយកដីធ្វើរបងព័ទ្ធចំណីព្រែកបឹងខ្វាងជាដីរបស់រដ្ឋ យ៉ាងអាណាធិបតេយ្យ។
ចំពោះការចុះរុះរើរបងនេះគឺធ្វើតែចំពោះបងប្អូនជនចំណាកស្រុកដែលបានរំលោកយកដីនិងធ្វើរបងយកព្រែកបឹងខ្វាងដែលបានដាំនៅពេលថ្មីៗប៉ុន្តែចំពោះបងប្អូនប្រជាពលរដ្ឋដែលមករស់នៅយូរឆ្នាំនោះពួកគាត់អាចរស់នៅបន្តសិនចុះ។
លោកបន្ថែមថាអ្នកចំណាកស្រុកភាគច្រើនមកពីបណ្តាលខេត្តនានាខណៈជឿតាមការញុះញង់ពីមេខ្យល់ថាអាជ្ញាធរចែកដីដល់ប្រជាពលរដ្ឋក្រីក្រនៅដីព្រែកបឹងខ្វាងទើបពួកគាត់ម្នាក់ៗនាំគ្នាមកបោះទីតាំងធ្វើជាខ្ទមខ្លះធ្វើរបងរំលោភអ្នកខ្លះគេជួលអោយមកចាំដីតាមមេខ្យល់ជាថ្នូផ្សេងៗ។
បន្ទាប់មកលោកបានណែនាំទៅជនចំណាកស្រុកក៏ដូចជាមេខ្យល់សូមបញ្ឈប់ការដើរ ឃោសនាថាមានការចែកដីចំណីព្រែកបឹងខ្វាងជាបន្ទាន់ព្រោះជាដីរបស់រដ្ឋទុកសម្រាប់ប្រើប្រាស់ផលប្រយោជន៏រួមទាំងអស់គ្នា។
ចំពោះបងប្អូននិងជនចំណាកដែលនៅតែរឹងរូសបន្តរំលោភទៀតអាជ្ញាធរនិងចាត់វិធានការតាមផ្លូវច្បាប់ដោយមិនអោយមានបុគ្គលណាម្នាក់មករំលោភយកដីរបស់រដ្ឋយ៉ាងអាណាធិបតេយ្យនោះទេ៕ដោយ៖យឹម សុថាន