វៀតណាម៖ ក្រោយស្ងាត់ករណីឆ្លងរាលដាលចំនួនប្រមាណជិត ១០០ថ្ងៃ ពោលគឺចាប់តាំងពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ពេលនេះប្រទេសវៀតណាមបានរកឃើញករណីឆ្លងជំងឺ COVID-19 ជាលើកដំបូងក្នុងសហគមន៍។ អ្នកជំងឺត្រូវបានគេស្គាល់ថាជា «អ្នកជំងឺលេខ៤១៦» គឺជាបុរសជនជាតិវៀតណាមដែលចូលនិវត្តន៍ មានអាយុ ៥៧ឆ្នាំ រស់នៅភាគខាងត្បូងទីក្រុងដាណាង។
ការរកឃើញនេះពិតជាគួរឱ្យភ្ញាក់ផ្អើល ដោយសារតែវៀតណាមតែងត្រូវបានគេសរសើរចំពោះវិធានការភ្លាមៗ របស់ខ្លួន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺ COVID-19។
បុរសរូបនេះបាននាំម្ដាយទៅមន្ទីរពេទ្យមុនពេលដែលខ្លួនគាត់ត្រូវបានគេរកឃើញថាវិជ្ជមានជាមួយជំងឺ COVID-19 ប៉ុន្តែនៅតែមិនទាន់មានការបញ្ជាក់ច្បាស់លាស់ថា គាត់បានឆ្លងជំងឺនេះចេញពីទីណានោះទេ ខណៈដែលប្រទេសនេះមានលំនឹងល្អរាប់ខែមកហើយ។ ឥឡូវនេះអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយមានទាំងឧបករណ៍ជំនួយដង្ហើមផងដែរ ព្រោះគាត់មានបញ្ហាជាមួយផ្លូវដង្ហើម។
បុរសនេះមិនដែលចេញទៅក្រៅក្រុងនោះទេ ហើយគាត់នៅតែសំងំនៅតែផ្ទះមើលចៅៗ និងមិនដែលនិយាយជាមួយអ្នកដែលមិនស្គាល់គ្នានោះដែរ។ ប៉ុន្តែយ៉ាងណាទីក្រុងដាណាងសព្វថ្ងៃនេះបានបើកទ្វារទទួលភ្ញៀវទេសចរវិញហើយ បន្ទាប់ពីរដ្ឋាភិបាលបន្ធូរបន្ថយការរឹតត្បឹត។ ករណីរបស់គាត់ពេលនេះកំពុងត្រូវបានអាជ្ញាធរស៊ើបអង្កេតបន្ត ហើយអ្នកដែលមានទំនាក់ទំនងជាមួយគាត់ក៏ត្រូវធ្វើចត្តាឡីស័កផងដែរ៕ដោយ៖ស តារា