ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យបែកថ្នាំ ១នាក់ ដើម្បីនាំយកទៅអធិការដ្ឋាននគរបាលអនុវត្តច្បាប់ បន្ទាប់ជននេះបានដុតបំផ្លាញផ្ទះម្ដាយឆេះអស់ទាំងស្រុង ។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យបែកថ្នាំបន្ទាប់ដុតបំផ្លាញផ្ទះម្ដាយខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨ ៖០០នាទីព្រឹក ថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិសំសាន្ដ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មាននានាជុំវិញកន្លែងកើតហេតុ ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ គឿន សារិន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់ក្នុងបន្ទុកម្ដាយឈ្មោះ ខិន ពយ អាយុ ៦៩ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិ.ឃុំកើតហេតុ ជនសង្ស័យខាងលើ(ទើបមកពីប្រទេសថៃ) ដែលគេសង្ស័យបណ្ដាលមកពីបែកថ្នាំ ។
ប្រភពព័ត៌មានខាងលើបន្តថា ផ្ទះសម្បែងរងការខូចខាតឆេះអស់ទាំងស្រុងសង់អំពីឈើ មានទំហំ ៥ម៉ែត្រ គុណនឹង៦ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងក្ដារ រនាបក្រាលក្ដារ សម្ភារខូចខាតរួមមាន គ្រែចំនួន ៤ វ៉ាលីខោអាវចំនួន ៦ អង្ករចំនួន ៥០គីឡូក្រាម លុយខ្មែរចំនួន ៣លានរៀល និងទ្រព្យសម្បត្តិសម្ភារប្រើប្រាសមួយចំនួនទៀត ។
ប្រភពដដែលបន្តទៀតថា ចំពោះជនសង្ស័យបង្ករូបនេះត្រូវបានគេសង្ស័យបែកថ្នាំ ខណៈទើបនឹងមកពីធ្វើការនៅប្រទេសថៃ ស្រ្តីជាម្ដាយសំណូមពរសមត្ថកិច្ចនគរបាលអនុវត្តតាមច្បាប់ ចំពោះលទ្ធផល ៖ តេស្តទឹកនោមជនសង្ស័យ(វិជ្ជមាន) ៕ ដោយ បុឹម ពិន