អន្តរជាតិ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post អតីតនាយករដ្ឋមន្ត្រីស្ត្រីដំបូង គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បានចេញមុខប្រតិកម្មតាមរយៈគណនីហ្វេសប៊ុករបស់លោកស្រី ដោយចោទជាសំណួរថា៖ តើហេតុអ្វីគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយអនុវត្តនីតិវិធីយ៉ាងឆាប់រហ័សក្នុងបទចោទប្រកាន់លោកស្រីដល់ពីរសំណុររឿង ទាំងចំពោះមុខគណៈកម្មាធិការនេះ មានរឿងច្រើនលើសកម្មភាពរដ្ឋាភិបាលបច្ចុប្បន្ននោះ។
មិនតែប៉ុណ្ណោះអតីតនាយករដ្ឋមន្ត្រីថៃរូបនេះ បានទទូចឲ្យអង្គភាពប្រឆាំងអំពើពុករលួយថៃផ្តោតការយកចិត្តទុកដាក់ និងតាមដានការបំពេញមុខងារនិងភារកិច្ចរបស់រដ្ឋាភិបាលថៃបច្ចុប្បន្ន ដែលមានលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ជាប្រមុខ ជាជាងសើរើសំណុំរឿងរបស់រដ្ឋាភិបាលលោកស្រី។ដោយលោកស្រី មិនចង់ឃើញអង្គភាពមួយនេះ ដាក់មុខសញ្ញាតែលើអ្នកប្រឆាំងរដ្ឋាភិបាលនោះទេ។
ការចេញប្រតិកម្មមួយតបទៅនឹងគណៈកម្មការជាតិប្រឆាំងអំពើពុករលួយដែលបានចោទប្រកាន់លោកស្រី និងមន្ត្រីក្រោមឱវាទរបស់លោកស្រីពីបទរំលោភអំណាចមុខងារសាធារណៈនោះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដាកន្លងទៅនេះទំនងជាលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ទ្រាំលែងបាននឹងទង្វើដដែលៗរបស់រដ្ឋាភិបាលថៃ ដែលពីមុនជារដ្ឋាភិបាលយោធា ។
គួរបញ្ជាក់ថា លោកស្រី យីងឡាក់ ដែលបច្ចុប្បន្នហ៊ុមព័ទ្ធទៅដោយការចោទប្រកាន់ពីតុលាការថៃច្រើនស្រាប់ហើយនោះ បានកត់សម្គាល់ថាអ្នកនយោបាយ ឬអតីតអ្នកនយោបាយ ដែលប្រឆាំងនឹងរដ្ឋាភិបាល តែងត្រូវបានស្ថិតក្នុងការចោទប្រកាន់ ឬការសង្ស័យប្រព្រឹត្តបទល្មើសៗ ខណៈដែលក្រុមអ្នកដែលនៅកាន់អំណាច តែងតែត្រូវជានិច្ច។
សូមជម្រាបថា កាលពីថ្ងៃ២២ កក្កដាកន្លងទៅដែរនោះ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយថៃ បានអះអាងថា បានរកឃើញភស្តុតាងមួយចំនួនដែលបង្ហាញថា លោកស្រី យីងឡាក់ និងអគ្គលេខាធិការរបស់លោកស្រី រួមទាំងឧបនាយករដ្ឋមន្ត្រីមួយរូប បានរំលោភច្បាប់ក្នុងការដាក់ដេញថ្លៃគម្រោងអភិវឌ្ឍន៍ជាតិ ដែលមានទំហំទឹកប្រាក់រាប់លានដុល្លារ។
បើគិតចាប់ពីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ត្រូវបានទម្លាក់ចេញពីមុខតំណែងតាមរយៈរដ្ឋប្រហារយោធាមក លោកស្រី ត្រូវបានតុលាការថៃចោទប្រកាន់ពីបទល្មើសជាបន្តបន្ទាប់ ហើយលោកស្រី ក៏ត្រូវបានតុលាការហាមមិនឲ្យធ្វើនយោបាយទៀតផង៕ដោយ៖ស តារា