ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនចោរវ័យក្មេង៣នាក់ដែលលួចលុយតាម Wing វេរលុយដាក់ពន្ធនាគារព្រៃស

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ លោក សាយ សារុន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ  បានសម្រេចឃុំខ្លួនចោរវ័យក្មេង៣នាក់ ដែលលួចលុយតាម Wing វេរលុយ ដោយសម្រេចបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស ។

តាមប្រភពព័ត៌មាន គឺចោរវ័យក្មេងទាំង៣នាក់នេះ ត្រូវបានចោទប្រកាន់ពីបទ «លួចមានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញកាលពីអំឡុងដើមខែកុម្ភៈ ឆ្នាំ២០២០ តាមមាត្រា៣៥៣និងមាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ។

ចោរវ័យក្មេងទាំង៣នាក់នេះមានឈ្មោះ ប៊ុត បញ្ញា អាយុ៣៣ឆ្នាំ ជាមេខ្លោង, ឈ្មោះ យន្ត ពិភព អាយុ១៧ឆ្នាំ ជាអ្នកដកលុយ និងឈ្មោះ យស់ ពិទូ អាយុ២០ឆ្នាំ ជាអ្នកដកលុយ ។ 

ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពឆបោក និងលួចប្រាក់តាមប្រព័ន្ធ Wing ប្រាកដមែន ដោយប្រើវិធីលួចយកលេខកូដសម្ងាត់ពីអតិថិជនតាមរយៈបណ្តាញសង្គមដោយក្លែងបន្លំគណនីហ្វេសប៊ុកអ្នកលក់អនទ្បាញ ហើយបានទូរស័ព្ទទៅអតិថិជននោះ ដើម្បីបានទទួលលេខកូដសម្ងាត់វីង និងវិធីមួយទៀតគឺចូលបន្លំខ្លួនធ្វើជាអតិថិជននៅតាមភ្នាក់ងារវេរលុយ លួចថតលេខកូដសម្ងាត់អតិថិជនផ្សេងទៀតដែលកំពុងតែវេរលុយ។ក្រោយពីបានលេខកូដសម្ងាត់ និងលេខទូរស័ព្ទដែលត្រូវវេរលុយរួចហើយ ឈ្មោះប៊ុត បញ្ញា បានប្រើប្រាស់កម្មវិធីមួយ ហើយឲ្យឈ្មោះ យន្ត ពិភព និងឈ្មោះ យស់ ពិទូ ទៅបើកប្រាក់តាមភ្នាក់ងារវេរលុយវីង។

ពេលភ្នាក់ងារវេរលុយពិនិត្យលេខទូរស័ព្ទឆែកមិនឃើញលេខជនឆបោកទេ តែបែរជាឃើញលេខអ្នកទទួលពិតប្រាកដទៅវិញ៕ដោយ៖ចេស្តា


ចែករំលែក៖