អន្តរជាតិ៖ រដ្ឋាភិបាលវៀតណាម បច្ចុប្បន្ននេះកំពុងជម្លៀសប្រជាជនប្រមាណ ៨០,០០០ នាក់ ដែលភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុកចេញពីទីក្រុងដាណាងភាគកណ្តាល បន្ទាប់ពីមានពលរដ្ឋខ្លួនចំនួន ៣នាក់ បន្ថែមទៀត បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 កាលពីថ្ងៃអាទិត្យ ហើយគិតត្រឹមរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ ទីក្រុងនេះមានករណីវិជ្ជមានជំងឺCOVID-19 ក្នុងស្រុកដល់ទៅ ៤ករណី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្ដិ៍ នៅថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនេះ រដ្ឋាភិបាលវៀតណាម បាននិយាយថាការជម្លៀសចេញនឹងចំណាយពេលយ៉ាងតិច ៤ថ្ងៃ ជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ដោយដឹកជញ្ជូនតាមយន្តហោះប្រមាណជា ១០០ជើង ជារៀងរាល់ថ្ងៃ ចេញពីទីក្រុងដាណាង ទៅទីក្រុងចំនួន ១១ ផ្សេងទៀតរបស់ប្រទេសវៀតណាម។
គួរបញ្ជាក់ថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ទើបតែបានប្រកាសពីការប្រុងប្រយ័ត្នថ្មីៗ បន្ទាប់ពីរដ្ឋាភិបាលកាលពីថ្ងៃសៅរ៍បានបញ្ជាក់ពីការឆ្លងជំងឺ COVID-19 នៅក្នុងសហគមន៍ជាលើកដំបូងក្នុងរយៈពេល ១០០ថ្ងៃចាប់តាំងពីខែមេសា ហើយបានរកឃើញ ៣ករណីទៀត នៅថ្ងៃអាទិត្យ ដែលករណីក្នុងសហគមន៍ទាំងអស់សុទ្ធតែនៅក្នុងទីក្រុងដាណាង៕ដោយ៖សតារា