អន្តរជាតិ៖ ឃ្លីបវីដេអូដែលបានបង្ហោះលើបណ្តាញសង្គម កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២០ បានបង្ហាញឲ្យឃើញថា ជញ្ជាំងព្រំដែនរវាងអាមេរិកនឹងម៉ិចស៊ីកូ នៅចំណុចខ្យល់ព្យុះឆ្លងកាត់ មិនមានភាពរឹងមំាដើម្បីទប់ទល់នឹងកម្លាំងខ្យល់ខ្លាំងនោះឡើយ។ ខ្យល់ព្យុះHanna កំពុងតែបំផ្លាញស្នាដៃរបស់លោកត្រាំ និងធ្វើឲ្យអ្នកនយោបាយរិះគន់យ៉ាងខ្លាំង។
មកទល់ពេលនេះនៅមិនទាន់មានព័ត៌មានស្តីពីចំណុចជញ្ជាំងដែលត្រូវបាក់រលំនោះឡើយ។ ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបញ្ចាក់ថា ជញ្ជាំងដែលបាក់រលំដោយខ្យល់ព្យុះនោះស្ថិតនៅចំណុចរដ្ឋតិចសាស់និងរដ្ឋ Tamaulipas ប្រទេសម៉ិចស៊ីកូ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ជញ្ជាំងព្រំដែន គឺជាស្នាដៃនិងជាមូលដ្ឋានគ្រឹះក្នុងការស្វែងរកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកានេះ។ ប៉ុន្តែការដួលរលំជញ្ជាំងនោះ ត្រូវបានមនុស្សជាច្រើនលើកឡើងថាជាការដួលរលំនៃយុទ្ធនាការឃោសនាបោះឆ្នោត របស់ប្រធានាធិបតីដូណាល់ ត្រាំ និងក្តីសង្ឃឹមជាប់ឆ្នោតប្រធានាធិបតីត្រូវដួលរលំដូចគ្នា។
តាមគម្រោងជញ្ជាំងព្រំដែននិឹងត្រូវចំណាយប្រាក់យ៉ាងតិច២១,៦ពាន់លានដុល្លារ ហើយពេលនេះបានចំណាយអស់១១ពាន់លានដុល្លារហើយ ក្នុងការសាងសង់ ប៉ុន្តែមិនទាន់រួចរាល់នៅឡើយទេ។
កាលពីប៉ុន្មានសប្តាហ៍កន្លងមក លោកត្រាំបានទៅត្រួតពិនិត្យជញ្ជាំងព្រំដែន ដោយលោកអួតអាងថានេះជាជញ្ជាំងព្រំដែនរឹងមាំបំផុតនៅលើពិភពលោក ទប់ស្កាត់ទាំងកូវីដ-១៩ទៀតផង៕
ដោយ៖ធី រីណា