ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន កូរ៉េ ផាំង ផាំង ឯ.ក បានចុះកិច្ចព្រមព្រៀង ជាមួយសមាគមអតីតយុទ្ធជនកម្ពុជា ដោយផ្តោតលើការផលិត ស៊ុតទា សរីរាង្គតាមបច្ចេកទេសពីសាធារណរដ្ឋកូរ៉េ

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃចន្ទទី ២៧ ខែកក្តដា ឆ្នាំ ២០២០ នេះមានបើកពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការជាមួយក្រុមហ៊ុន ផាំង ផាំង ឯ.ក របស់ប្រទេសកូរ៉េ លើគម្រោងអភិវឌ្ឍន៍ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជា អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា។ គម្រោងអភិវឌ្ឍន៍កសិកម្មនេះគឺជាគោលនយោបាយរបស់សមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូន អតីតយុទ្ធជនកម្ពុជាឱ្យប្រសើរឡើង។

លោកទេសរដ្ឋមន្ត្រី បានកោតសរសើរចំពោះការចូលរួមរបស់ក្រុមហ៊ុន ផាំង ផាំង ឯ.ក ក្នុងការចូលរួមសម្រេចយុទ្ធសាស្រ្ត លើកកម្ពស់ជីវភាពបងប្អូនអតីតយុទ្ធជនកម្ពុជា។ ក្រុមហ៊ុន កូរ៉េ ផាំង ផាំង ឯ.ក ជាក្រុមហ៊ុនឯកទេសកសិកម្មពហុវិស័យ តែជាជំហានដំបូងនេះ កិច្ចសហការជាមួយសមាគមអតីតយុទ្ធជនកម្ពុជា គឺផ្តោតលើការផលិត ស៊ុតទា និងសាច់ទា សរីរាង្គតាមបច្ចេកទេសពីប្រទេសកូរ៉េ ដែលធានានូវគុណភាពត្រឹមត្រូវតាមគោលការណ៍ ប្រើប្រាស់ចំណីធម្មជាតិ។ ការប្រើប្រាស់ប្រភេទចកមកពីកូរ៉េ ជាគ្រឿងផ្សំមួយក្នុងចំណីទាគឺជាកត្តាមួយនៃផលិតកម្មបែបសរីរាង្គនេះ។ លោកទេសរដ្ឋមន្រ្តី បាន លើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តសហការ បន្តស្វែងរកដៃគូបន្ថែម និងពង្រីកកិច្ចការកសិកម្មផ្សេងៗទៀត បន្ថែមលើផលិតផលស៊ុត និងសាច់ទាសរីរាង្គ ដោយមិនត្រឹមតែត្រូវអនុវត្តន៍ការងារជាកសិដ្ឋានទ្រង់ទ្រាយសហគមន៍ទេ តែត្រូវជួយបង្រៀន និងបង្កើតជាកសិដ្ឋានកម្រិតគ្រួសារជូនដល់គ្រួសារអតីតយុទ្ធជនតាមតំបន់ផ្សេងៗក្នុងប្រទេស ដោយត្រូវគិតពីការចិញ្ចឹមសត្វរួមនឹងការដាំដុះបន្លែសរីរាង្គ។ លើសពីនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តីបានសំណូមពរដល់ក្រុមហ៊ុនទទួលយកសមាជិកគ្រួសារអតីតយុទ្ធជន ជាកម្លាំងពលកម្មនៅកសិដ្ឋាន និងបានរៀនសូត្រពីបច្ចេកទេសសំខាន់ទាំងនេះដើម្បីអាចត្រលប់ទៅវិញពង្រីកការងារនៅតាមមូលដ្ឋានគេរៀងៗខ្លួន៕ដោយ៖សិលា


ចែករំលែក៖