អន្តរជាតិ៖ សារព័ត៌មាន CNN បានផ្សាយថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកRobert O’Brien បានធ្វើតេស្តដោយមានលទ្ធផលវិជ្ជមានកូវីដ-១៩។ នៅមុនពេលរកឃើញឆ្លងកូវីដ-១៩ លោក Robert O’Brien បានបំពេញទស្សនកិច្ចនៅតំបន់អឺរ៉ុប ហើយបានជួបជាមួយមន្ត្រីជាន់ខ្ពស់ជាច្រើននៅប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ និងអុីតាលី ។
លោកRobert O’Brien អាយុ៥៤ឆ្នាំ គឺជាសមាជិកគណបក្សសាធារណរដ្ឋនិងជាទីប្រឹក្សាទី ៤ហើយរបស់ប្រធានាធិបតីដូណាល់ត្រាំ។ លោកត្រូវបានតែងតាំងជាទីប្រឹក្សាសន្តិសុខជាតិនៅឆ្នាំ២០១៩ ជំនួសលោក John Bolton ដែលត្រូវលោកត្រាំដកតំណែង។
តាមសារព័ត៌មាន CNN បានផ្សាយថា លោកO’Brien មានលទ្ធផលវិជ្ជមានចំពោះកូវីដ-១៩នៅថ្ងៃទី២៣ ខែកក្កដាហើយត្រូវធ្វើការពីចម្ងាយ។ នៅពេលនេះដែរ អ្នកដែលជួបជាមួយលោក O’Brien ត្រូវធ្វើតេស្តទាំងអស់ ហើយត្រូវកាត់ផ្តាច់ដើម្បីបញ្ចៀសការឆ្លងរាលដាលនៅសេតវិមាន។
ក្នុងពេលនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងថា នឹងមានវ៉ាក់សាំងព្យាបាលកូវីដ-១៩ នៅចុងឆ្នាំ២០២០នេះ។ នៅថ្ងៃទី២៧ខែកក្កដា ប្រធានាធិបតីអាមេរិកបានបំពេញទស្សនកិច្ចទៅកាន់រោងចក្រ Fujifilm នៅ Morrisville ដែលជាទីតាំងកំពុងតែធ្វើតេស្តវ៉ាក់សំង ។ ជាមួយគ្នានេះលោកត្រាំ ក៏បានស្នើឲ្យពាក់ម៉ាស់នៅទីសាធារណៈ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩៕
ដោយ៖ធី រីណា