កីឡាអន្តរជាតិ៖ ខ្សែប្រយុទ្ធ Adam Lallana បានចូលរួមជាមួយក្លិប Brighton Hove Albion ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំបន្ទាប់ពីចាកចេញពីក្រុមហង្សក្រហម Liverpool ដែលជាម្ចាស់ជើងឯក Premier League រដូវកាលនេះ។
អតីតខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Adam Lallana បានក្លាយជាបុរសឆ្នើមនៅក្នុងរដូវកាលថ្មីនេះនៅឯកីឡដ្ឋាន Anfield ហើយកិច្ចសន្យាជាមួយក្រុមហង្សក្រហមបានអស់សុពលភាពនៅពេលរដូវកាលបានបញ្ចប់កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ កីឡាករវ័យ៣២ឆ្នាំរូបនេះត្រូវបានគេរាយការណ៍ថាបានយល់ព្រមផ្លាស់ប្តូរទៅក្រុម Brighton បន្ទាប់ពីការចុះហត្ថលេខាកាលពីថ្ងៃចន្ទ។
លោក Graham Potter គ្រូបង្វឹករបស់ Brighton បាននិយាយថា “គ្មានការសង្ស័យលើគុណភាពរបស់ Lallanaទេ ហើយប្រសិនបើអ្នកក្រឡេកមើលប្រវត្តិរូបសង្ខេបក្នុងពិភពបាល់ទាត់របស់គាត់ សមត្ថភាពរបស់គាត់គឺច្បាស់ណាស់សម្រាប់មនុស្សគ្រប់គ្នាបានឃើញ”។
លោក Graham Potter បានបន្តថា “គាត់បានលេងនៅកម្រិតខ្ពស់បំផុតទាំងក្លិប និងប្រទេសនិងទទួលបាននូវអ្វីដែលអស្ចារ្យ។ គាត់មានបទពិសោធច្រើនជាមួយនឹងគុណភាពបច្ចេកទេសលេងរបស់គាត់។ កិត្តិយសដែលគាត់បានឈ្នះអំឡុងពេលគាត់នៅ Liverpool និងការគោរពដែលគាត់ត្រូវបានធ្វើឡើងនៅឯទឹកដី Anfield កាន់តែបញ្ជាក់បន្ថែមទៀតពីសមត្ថភាពនិងចរិតរបស់គាត់។ ខ្ញុំប្រាកដថាអ្នកគាំទ្រនឹងទន្ទឹងរង់ចាំមើលការលេងនៅពេលណាដែលអ្វីៗអាចចាប់ផ្តើមវិលមករកភាពដើមវិញ”។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ Adam Lallana ដែលរកបាន៣៤គ្រាប់ឲ្យក្រុមជម្រើសជាតិអង់គ្លេស បានចូលរួមជាមួយក្លិប Liverpool បន្ទាប់ពីចេញពីក្លិប Southampton ក្នុងឆ្នាំ២០១៤ និងជាកីឡាករសំខាន់មួយរូបនៅដំណាក់កាលដំបូងនៃការកាន់តំណែងរបស់លោក Jurgen Klopp ជាគ្រូបង្វឹក។ កីឡាកររូបនេះបានរួមចំណែកជួយក្រុមហង្សក្រហម Liverpool ឈ្នះពានរង្វាន់ Champions League, UEFA Super Cup, Club World Cup និង Premier League ក្នុងរយៈពេល១៤ខែកន្លងមកនេះ។ ទោះយ៉ាងណាខ្សែបម្រើរូបនេះបានរងរបួសភ្លៅមុនរដូវកាលឆ្នាំ២០១៧-២០១៨ និងបន្តការញាំញីដោយសាររបួសដែលនៅសេសសល់ដែលធ្វើឲ្យខកខានការបង្ហាញខ្លួនមួយរយៈ ៕ដោយ៖ភារៈ