ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា លោក ស សុខា បន្តដាស់តឿនឲ្យសហព័ន្ធកីឡាជាតិនីមួយៗបែងចែកឲ្យដាច់រវាងតួនាទីមន្ត្រីសហព័ន្ធ និងគ្រូបង្វឹក។ ខណៈដែលលោក សង្កេតឃើញថា នៅតែមានសហព័ន្ធកីឡាជាតិមួយចំនួនតូចមានមន្ត្រីមានតួនាទីក្នុងសហព័ន្ធ ដើរតួជាគ្រូបង្វឹក ទើបលោកចាត់ទុកទង្វើរបស់មន្ត្រីទាំងនោះ គឺដោយសារចង់បានតែផលប្រយោជន៍ប៉ុណ្ណោះ ។
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បន្តថា ក្រោយសង្កេតឃើញថា សហព័ន្ធកីឡាជាតិមួយចំនួនតូចនៅតែមានមន្ត្រីដើរតួជាមន្ត្រីសហព័ន្ធផង និងជាគ្រូបង្វឹក ឬគ្រូជំនួយផង។ ដូច្នេះលោកមិនអនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិនីមួយៗមានមន្ត្រីដើរតួនាទីពីរក្នុងពេលតែមួយនោះឡើយ។
លោករដ្ឋលេខាធិការរូបនេះ អះអាងថា មូលហេតុតែមួយគត់ដែលជំរុញឲ្យមន្ត្រីទាំងនោះបន្តក្រាញននាលធ្វើជាមន្ត្រីផង ជាគ្រូបង្វឹកផង គឺដោយសារចង់បានផលប្រយោជន៍។ ពាក់ព័ន្ធបញ្ហានេះ លោកបានពន្យល់ថា បើពួកគេឈរឈ្មោះជាគ្រូបង្វឹក ពួកគេនឹងទទួលបានជាថវិកាលើកទឹកចិត្ត នៅពេលកីឡាករកីឡាការិនីជាកូនសិស្សរបស់ខ្លួនដណ្តើមបានមេដាយក្នុងការប្រកួតកម្រិតអន្តរជាតិណាមួយ។
ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ ជំរុញឲ្យសហព័ន្ធដែលនៅមានមន្ត្រីដើរតួជាមន្ត្រី និងគ្រូបង្វឹកទាំងនោះ បែងចែងឲ្យដាច់រវាងតួនាទីជាមន្ត្រីសហព័ន្ធនិងគ្រូបង្វឹក។ ក្នុងន័យនេះ បើមន្ត្រីម្នាក់ចង់ធ្វើជាគ្រូបង្វឹក ត្រូវលាលែងតំណែងចេញមន្ត្រីសហព័ន្ធ តែបើចង់ធ្វើជាមន្ត្រីសហព័ន្ធត្រូវលាលែងចេញពីតំណែងគ្រូបង្វឹក ឬគ្រូជំនួយ។
ជាក់ស្តែងនៅក្នុងពិធីបិទសិក្ខាស្តីពីការប្រមូលធាតុចូលសម្រាប់តាក់តែងច្បាប់ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយនិងកីឡាកាលពីពេលថ្មីៗនេះ លោកស សុខា លើកឡើងដូច្នេះថា៖ «ក្នុងសហព័ន្ធមួយមន្ត្រីម្នាក់មិនអាចដើរតួជាប្រធាន ឬអគ្គលេខាធិការសហព័ន្ធផង គ្រូបង្វឹក ឬគ្រូជំនួយផងនោះទេ។ គ្រូគឺជាគ្រូ ប្រធាន អនុប្រធាន គឺជាប្រធានអនុប្រធានរបស់សហព័ន្ធនីមួយៗហើយអគ្គលេខាធិការ ក៏មិនអាចក្លាយជាគ្រូបានដែរ។ ខ្ញុំសូមសំណូមពរចែកឲ្យដាច់ពាក់ព័ន្ធរឿងនេះ តាមពិតនិយាយរួមមានតែមួយទេ គឺដោយសារផលប្រយោជន៍។ បើគាត់ធ្វើជាគ្រូពេលបានចេញទៅជាមួយសិស្ស ហើយសិស្សទទួលបានជ័យលាភី គាត់ក៏បានមួយផ្នែកដែរ»។
លោក ស សុខា បានបញ្ជាក់ថឋ បើសហព័ន្ធដែលនៅតែបន្តតែងតាំងមន្ត្រីរបស់ខ្លួនជាគ្រូបង្វឹក ឬគ្រូបង្វឹកជំនួយដោយសារកង្វះធនធានគ្រូបង្វឹក ខណៈដែលសហព័ន្ធទាំងនោះបានកកើតឡើងអស់រយៈពេលជិត១០មកហើយ។សម្រាប់លោក ស សុខា នេះជាក្តីបារម្ភដ៏ធំមួយដែលសហព័ន្ធបានបង្កើតឡើងជិត១០ឆ្នាំ តែអសមត្ថភាពក្នុងការបណ្តុះបណ្តាលធនធានគ្រូបង្វឹក។
លើសពីនេះទៅទៀតលោក ស សុខា ជំរុញឲ្យសហព័ន្ធកីឡាជាតិទាំងអស់រៀបចំផែនការយុទ្ធសាស្ត្រក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ឲ្យបានរួចរាល់ ដ្បិតបច្ចុប្បន្នក្នុងចំណោមសហព័ន្ធជាង៤០មានតែសហព័ន្ធប្រមាណ៥ទៅ៦ប៉ុណ្ណោះ ដែលបានរៀបចំផែនការមេរបស់ខ្លួន ដាក់ឲ្យក្រសួងអប់រំយុវជននិងកីឡា។ ប៉ុន្តែលោកមិនបានបញ្ជាក់ឈ្មោះសហព័ន្ធកីឡាទាំងនោះឡើយ៕ដោយ៖ស តារា