ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់យកសំណាញ់បង់ត្រីក្នុងទឹក ស្ទឹងសង្កែស្រាប់តែជាប់គ្រាប់កាំភ្លើងផ្លោង ធុនធ្ងន់មិនទាន់ផ្ទុះព្រលឹងចុងសក់

ចែករំលែក៖

បាត់ដំបង៖លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានប្រាប់ឲ្យដឹងថានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះថា÷ កាលពីថ្ងៃទី២៧ខែកក្កដាកន្លងមកនេះប្រជានេសាទបានដើរបង់ត្រីនៅក្នុងស្ទឹងសង្កែប្រទះឃើញគ្រាប់កាំភ្លើងប្រភេទគ្រាប់ផ្លោងធុនធ្ងន់ចំនួនមួយគ្រាប់ជាប់នៅក្នុងសំណាញ់ហើយប្រជានេសាទនោះបានដោះចេញពីសំណាញ់រួចទម្លាក់គ្រាប់ដាក់ក្នុងទឹកស្ទឹងក្បែរមាត់ច្រាំងវិញ ដែលវាជាបច្ច័យល្អប្រជានេសាទនោះមិនបានដាក់នៅលើដីគោកពុំនោះទេគ្រាប់ត្រូវថ្ងៃក្តៅអាចប្រឈមនឹងការផ្ទុះឡើងបង្កការភ្ញាក់ផ្អើលឬប៉ះពាល់ដល់ប្រជាពលរដ្ឋជាក់ជាមិនខាន។

គ្រាប់ដែលពលរដ្ឋបង់ត្រីក៏បាន គ្រាប់កាំភ្លើងធុនធ្ងន់ប្រភេទ M១០៥មីលីម៉ែត្រចំនួន១គ្រាប់នៅមានប្រសិទ្ធភាពដែលនៅរាយប៉ាយសេសសល់ពីសម័យសង្គ្រាមអតីតក្បែរឃ្លាំងដាក់គ្រាប់។ ការប្រទះឃើញនេះឋិតនៅត្រង់ចំណុចជិតស្ពានថ្មថ្មី ក្នុងភូមិកម្មករ សង្កាត់កម្មករ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រោយលោកអភិបាលក្រុងបានសហការផ្តល់ព័ត៌មានដល់អង្គភាពកម្ចាត់មីនទី២ មន្ត្រីជំនាញCMAC បានចុះមកពិនិត្យ និងនាំយកគ្រាប់ខាងលើនេះទៅរក្សាទុកកន្លែងមានសុវត្ថិភាពរងចាំពេលវេលាកម្ទេចចោល។ ជាមួយគ្នាលោក ផេង សិទ្ធី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអ្នកបង់ត្រីតាមបណ្ដាលស្ទឹងឬអូរ ត្រពាំង ទាំងអស់បើបានប្រទះឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះនានាត្រូវប្រញាប់ប្រញាល់រាយការណ៍ដល់សមត្ថកិច្ចជៀសវាងបង្កការគ្រោះថ្នាក់ផ្សេងៗបានកើតឡើងជាយថាហេតុ៕ស សារ៉េត


ចែករំលែក៖