ព័ត៌មានទាន់ហេតុការណ៍៖

យុវជន​ម្នាក់​បើក​​រថយន្ត​បុក​បង្គោល​ភ្លើង​បណ្តាល​ឲ្យ​រង​ការខូចខាត​បើកទៅមុខ​លែងរួច

ចែករំលែក៖

ភ្នំពេញ​៖ យុវជន​ម្នាក់​បើក​​រថយន្ត​​យ៉ាង​លឿន​​រេ​ចង្កូត​ទៅបុក​បង្គោល​ភ្លើង​បណ្តាល​ឲ្យ​រថយន្តរង​ការខូចខាត​ខ្ទេច​អស់​មួយ​កំណាត់​​ខាងមុខ​។​

​ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង​៤ទៀបភ្លឺ​ ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ នៅនៅតាមបណ្តោយផ្លូវលេខ៣៣៥ ខាង​មុខផ្ទះ​លេខ​43 ស្ថិតនៅក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​​ប្រភពព័ត៌មាននៅកន្លែងកើត​ហេតុ​បាន​ឲ្យ​ដឹងថា​ មុនពេលកើតហេតុគេ​​បានឃើញ​យុវជន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​​បើក​​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​តូយ៉ូតា សុីណា​ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ​2T-1962​ បើកតាមបណ្តោយផ្លូវលេខ​៣៣៥ក្នុងទិសដៅពីត្បូងទៅជើង ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​ទ្រេតអស់​មួយ​ដើម ​ចំណែក​រថយន្ត​​​រង​ការខូចខាត​អស់​មួយកំណាត់​មុខ​ផ្ទុះ​ពោង​ទៅមុខ​លែងរួច​ ​ហើយភ្លាមៗ​នោះ​អ្នកបើកបរ​រថយន្ត​បាន​ទុក​រថយន្ត​ចោល​រួចឡើង​ជិះរថយន្តមិត្តភក្តិគេចខ្លួនបាត់​ទៅ។​

​បន្ទាប់ពីកើតហេតុសមត្ថកិច្ច​ជំនាញ​ចរាចរណ៍បានមកស្ទូចយករថយន្តបង្កទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​​រង់ចាំ​ដោះស្រាយ​គ្នា​នាពេល​ក្រោយ​​៕ ​ជ្រោយពេជ្រ


ចែករំលែក៖