អន្តរជាតិ៖ ក្រោយជំនួបរយៈពេល២ថ្ងៃ រវាងរដ្ឋមន្ត្រីការបរទេស និងការពារជាតិអាមេរិក និងអូស្ត្រាលី នៅរដ្ឋធានីវ៉ាស៊ីនតោនបញ្ចប់នៅថ្ងៃទី២៨ខែកក្កដាថ្មីៗនេះ ។ សហរដ្ឋអាមេរិក និងអូស្ត្រាលី បានប្រកាសពីការពង្រីកកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ខណៈពេលប្រទេសទាំងពីរកំពុងតែប្រឈមនឹងភាពតានតឹងក្នុងទំនាក់ទំនងជាមួយចិនដូចគ្នា។
លោកស្រី Linda Reynolds រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី បានលើកឡើងនៅក្រោយជំនួបដែលធ្វើឡើងនៅក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថាអូស្ត្រាលីយល់ព្រមក្នុងការពង្រឹងទំនាក់ទំនងជាមួយអាមេរិកក្នុងវិស័យការពារជាតិដូចជាសង្គ្រាមដែលប្រើប្រាស់អាវុធលឿនជាសម្លេងអេឡិចត្រូនិក និងក្នុងលំហផងដែរ។ លោកស្រីLinda បន្ថែមថា កិច្ចសហប្រតិបត្តិការនេះ នឹងពង្រឹងសមត្ថភាពរួមក្នុងការរក្សាស្ថិរភាព និងទប់ស្កាត់សកម្មភាពមិនសមរម្យក្នុងតំបន់។
បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក Mark Esper រដ្ឋមន្ត្រីការពារជាតិអាមេរិក បានសាទរអូស្ត្រាលីដែលបានបញ្ជូននាវាចម្បាំង៥គ្រឿងចូលរួមសមយុទ្ធកាលពីសប្តាហ៍មុនជាមួយទ័ពអាមេរិក និងជប៉ុន។ លោក Esper និយាយត្រង់ៗថា៖ «សមយុទ្ធនេះ មិនត្រឹមតែពង្រឹងសមត្ថភាពក្នុងការទំនាក់ទំនងប៉ុណ្ណោះទេ តែវាការបង្ហាញសារទៅកាន់ទីក្រុងប៉េកាំងថា យើងនឹងហោះហើរ បើកនាវា និងធ្វើប្រតិបត្តិការនៅទីណាដែលច្បាប់អន្តរជាតិអនុញ្ញាត និងការពារសិទ្ធិរបស់សម្ព័ន្ធមិត្តក្នុងការធ្វើបែបនេះដែរ។»
ដោយឡែកលោក ម៉ៃ ប៉ុមប៉េអូ ប្រមុខការបរទេសអាមេរិក បានថ្លែងក្នុងសន្នសីទសារព័ត៌មានរួមគ្នានេះដែរ ក៏បានសសើរសម្ព័ន្ធភាពចាក់ទឹកមិនលិចរបស់ប្រទេសទាំង២ ពិសេសនាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន ដែលហ៊ានងើបប្រឆាំងទៅនឹងចិន និងគាំទ្រអាមេរិកក្នុងការទាមទារឲ្យស៊ើបអង្កេតប្រភពជំងឺCOVID-19 ក៏ដូចជារួមដៃជាមួយអាមេរិកក្នុងការទាត់ចោលការទាមទារអធិបតេយ្យរបស់ចិន ក្នុងសមុទ្រចិនខាងត្បូង។
លោក ម៉ៃ ប៉ុមប៉េអូ បន្ថែមទៀតថា វាជារឿងដែលមិនអាចទទួលយកបានដែលចិនប្រើប្រាស់ការនាំចេញ និងការរៀនសូត្ររបស់និស្សិតចិននៅអូស្ត្រាលីជាឧបករណ៍ប្រឆាំងអូស្ត្រាលី។
ជុំវិញទំនាក់ទំនងខាងលើនេះវិញ បើតាមរយៈលោកវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានចោទអាមេរិកថា កំពុងបង្កហេតុឲ្យការប្រឈមមុខដាក់គ្នាដោយមិនគិតគូរពីរផលប៉ះពាល់។ រីឯ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថាកិច្ចជំនួបរវាងអាមេរិក និងអូស្ត្រាលីគួរណាស់តែលើកឡើងពីសន្តិភាព ស្ថិរភាព និងការទុកចិត្តគ្នារវាងប្រទេសនៅក្នុងតំបន់ និងមិនគួរសំដៅភាគីទីបី ឫប៉ះពាល់ប្រយោជន៍គេឡើយ៕ដោយ៖ស តារា