ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូសបុកខឿនសួនទឹករាំ​ រួចហោះរំលងសួនទៅបុកទូATMច្រកចូលអគារអូឡាំព្យាផ្អើលដល់សន្តិសុខនិងពលរដ្ឋជាខ្លាំង

ចែករំលែក៖

ភ្នំពេញ​ ៖​ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អេីលមួយបានកេីតឡេីង​ ខណៈបុរសម្នាក់សង្ស័យស្រវឹងស្រា​បានបើករថយន្តតូយ៉ូតាព្រូសបោះពួយយ៉ាងលឿនទៅបុកខឿនសួនទឹក​ រួចហោះរំលងសួនទៅបុកទូ(ATM)បែកបាក់ខ្ទេចខ្ទី​ ចំណែករថយន្តខូចខាតស្ទើរតែទាំងស្រុង​ ។ 

  ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺ​ ឈានចូលថ្ងៃទី៣១ ខែកក្តដា​ ឆ្នាំ២០២០ នៅចំណុចច្រកចូលអគារអូឡាំព្យា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តតូយ៉ូតាព្រូស​ មួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BB-5739​ តាមបណ្ដោយផ្លូវលេខ១៦៩ ក្នុងទិសដៅពីជើងទៅត្បូង​ លុះមកដល់ផ្លូវបំបែកជាប្រាំ រថយន្តនេះបានរត់ទៅត្រង់បុកខឿនសួនទឹករាំ​ រួចហោះរំលងសួនជាច្រើនម៉ែត្រទៅបុកទូATMនៅចំណុចមុខច្រកចូលអគារអូឡាំព្យា​ដែលមានបីទូជាប់ៗគ្នា​ បណ្តាលឲ្យមួយទូបែកបាក់ខ្ទេចខ្ទីខូចខាតស្ទើរតែទាំងស្រុង ចំណែករថយន្តបង្កបានបែកកង់ទាំង៤​ និងខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ​ ដោយបង្កឲ្យមានការភ្ញាក់ផ្អើលដល់សន្តិសុខដែលយាមនៅកន្លែងកើតហេតុ​បាននាំគ្នាធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តទុកប្រគល់ជូនសមត្ថកិច្ច។​ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយនាំខ្លួនម្ចាស់រថយន្តបង្កទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា​ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី​ ។ 

    ក្រោយមកទៀត​ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ៧មករា​ បានទំនាក់ទំនងទៅជំនាញចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ​ ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖