ភ្នំពេញ៖ ពិធីការិនីស្រស់សោភារាងស្រឡូន កញ្ញា ម៉េង ជីម មីនិងគូស្មេហ៍បានធ្វើឲ្យទស្សនិកជនសរសើរមិនដាច់ពីមាត់ក្រោយពីនាងបានដឹកដៃគូស្នេហ៍ លោក ជីមមី ថតឈុតបុរាណប្រណីតគួរឲ្យទាក់ភ្នែក។
ក្រោយប្រកាសបើកចំហរអំពីចំណងស្នេហាក្រៅឆាករវាងតារាសម្តែង និងពិធីករទាំងពីរ កញ្ញាជីមមីហាក់មានយីអ៊ុនឡើងកាន់តែខ្លាំងព្រោះតែគូស្នេហ៍នាងក៏ត្រូវបានគេស្គាល់ថាជាអ្នកផលិត និងគ្រប់គ្រងកម្មវិធីសិល្បៈដ៏ជំនាញ។ ថ្មីៗនេះពួកគេបានដឹកដៃគ្នាថតរួបរួមគ្នាដ៏គួរឲ្យទាក់ទាញសម្រាប់ក្រុមការងារផ្គត់ផ្គង់របាំនិងភ្លេងបុរាណមួយ ក្រោមពាក្យស្លោក”ខ្មែរមានមោទនភាពព្រោះមានកូនខ្មែរ ជាអ្នកថែរក្សានិងផ្សព្វផ្សាយបន្តនៃសិល្បៈវប្បធ៌មរបស់ខ្មែរ”។ គ្រឿងអលង្ការពណ៌មាសដ៏ប្រណីតស្រោចពេញខ្លួនដែលរចនាដោយទឹកដៃកូនខ្មែរ អមដោយសម្លៀកបំពាក់នាសម័យអង្គររុញច្រានសម្រស់តារាស្រីរូបនេះឲ្យដូចនឹងស្រីរបាំសួគ៌ក្នុងរឿងទេវកថា។ នាងនិងគូស្នេហ៍ទទួលបានការសាទរ និងកោតសរសើរច្រើនថាពិតជាសាកសមគ្នា ហើយការចូលរួមថតនេះក៏ជាចំណែកនៃការចូលរួមលើកកម្ពស់សិល្បៈវប្បធម៌អត្តសញ្ញាណជាតិឲ្យកូនខ្មែរ និងបរទេសបានស្គាល់ពីភាពសម្បូរបែបនិងគំនិតច្នៃប្រឌិតដ៏ប៉ុិនប្រសប់របស់បុព្វបុរសខ្មែរ និងឆ្លុះបញ្ចាំងពីកាចូលរួមថែរក្សាអភិរក្ស អភិវឌ្ឍន៍សិល្បៈវប្បធម៌ជាតិផងដែរ។
គួរបញ្ជាក់ដែរថា កញ្ញា ជីមមី និងគូស្នេហ៍ដែលមានឈ្មោះជីមមីដូចគ្នានោះបានប្រកាសអំពីចំណងស្នេហ៍រួមគ្នាក្រោយពីស្វែងយល់ចិត្តគ្នាអស់មួយរយៈ។ បង្កើនរសជាតិស្នេហ៍កាន់តែផ្អែមល្ហែមក្រោយពីពួកគេបានធ្វើដំណើរកម្សាន្តរួមគ្នាជាញឹកញាប់នៅក្នុងនិងក្រៅប្រទេស ប៉ុន្តែពួកគេនៅមិនទាន់បញ្ជាក់អំពីគម្រោងចូលរោងការនៅឡើយ៕ ដោយ៖ វឌ្ឍនា