ខេត្តត្បូងឃ្មុំ ៖ ក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសច្រានចោលដំណឹងមិនពិតដែល
អ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមប្រេីប្រាស់បង្ហោះខ្វះការពិចារណា ពុំមានមូលដ្ឋាន និងការស៊ើបអង្កេតបញ្ជាក់ឲ្យបានច្បាស់លាស់ មានបំណងធ្វេីឱ្យសង្គមចលាចល ។
ក្រុមការងារនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានបេីកការស្រាវជ្រាវរកឃេីញ ថា រូបភាពនោះគឺជារូបចាស់ដែលត្រូវបានគេបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកកាលពី៤ឆ្នាំមុន បុរសនោះ មានឈ្មោះ ហែន ហិះ រស់នៅខេត្តត្បូងឃ្មុំ តែមិនមែនជាមន្ត្រីក្របខ័ណ្ឌនគរបាលនោះទេ។
យោងតាមការបញ្ជាក់ពីក្រុមគ្រសាររបស់គាត់បានឲ្យដឹងថា បុរសឈ្មោះ ហែន ហិះ នេះមានសតិមិនគ្រប់ (វិកលចរិត) មិនអាចធ្វើការងារអ្វីបានក្រៅពីការអង្គុយសុំទានតាមទីសាធារណៈនោះទេ រីឯឯកសណ្ឋាននគរបាលនោះគឺទទួលបានពីអតីតនគរបាលម្នាក់ដែលបានទទួលមរណភាព។
ក្រុមការងារនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានផ្ដល់ជាថវិកា និងសម្លៀកបំពាក់មួយចំនួនដល់បុរសឈ្មោះ ហែន ហិះ និងបានសុំដកយកឯកសណ្ឋាននគរបាលមករក្សាទុកចៀសវាងប្រើប្រាស់ខុសនីតិវិធីច្បាប់តទៅទៀត ។
ករណីនេះ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវស្វែងរកប្រភពនៃដំណឹងក្លែងក្លាយនេះ និងបានរកឃើញថា ម្ចាស់គណនីហ្វេសប៊ុកដែលបានបំភ្លៃព័ត៌មាននោះកំពុងរស់នៅឯក្រៅប្រទេស មាននិន្នាការបម្រើឲ្យនយោបាយប្រឆាំងរាជរដ្ឋាភិបាល ។
ក្រុមការងារនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់សាធារណជន អ្នកសារព័ត៌មាន និងបណ្ដាញសង្គមចៀសវាងការធ្វើអត្ថាធិប្បាយ ចងក្រងខ្លឹមសារ រូបភាពសកម្មភាពបំផ្លើសការណ៍ពិត ជាហេតុបង្កឲ្យមានភាពវឹកវរ បំពុលបរិយាកាសសង្គម បង្កចលាចល ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នរដ្ឋ និងក៏អាចប្រឈមចំពោះមុខច្បាប់ជាធរមានដែរ ៕
ដោយ ៖ វណ្ណៈ