ភ្នំពេញ៖ ទីស្តីការក្រសួងបរិស្ថាន ថ្ងៃព្រហស្បតិ៍ ១០កេីត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នាយកដ្ឋានអប់រំបរិស្ថាននៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងគម្រោង USAID Greening Prey Lang បានបន្តបើកវគ្គណែនាំ ស្តីពី«វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២០» នៅរាជធានីភ្នំពេញ។
វគ្គណែនាំនេះមានគោលបំណង ដេីម្បីផ្តល់ឱកាសដល់សិស្សានុសិស្សកម្រិតវិទ្យាល័យនៅតាមបណ្តារាជធានី-ខេត្ត បានសិក្សាស្វែងយល់បន្ថែមពីបញ្ហាបរិស្ថាន និងចូលរួមចំណែកចែករំលែកចំណេះដឹងទាំងនោះ ទៅដល់សហគមន៍របស់ខ្លួន តាមរយៈការជជែកពិភាក្សា។
នេះ គឺជាឱកាសសម្រាប់ប្អូនសិស្សានុសិស្សដែលជាបេក្ខជនមកពីវិទ្យាល័យនៅតាមរាជធានីភ្នំពេញ និងខេត្ត ជុំវិញតំបន់ព្រៃឡង់ ចូលរួមប្រកួតប្រជែងពិភាក្សាអំពីបញ្ហាបរិស្ថាន ព្រោះថានេះជាលេីកទី១ ដែលក្រសួងបានសម្រេចយកវិទ្យាល័យនៅតាមរាជធានី-ខេត្ត មកធ្វេីការប្រកួតជាមួយគ្នា។
លោកស្រីអគ្គនាយក ក៏បានលេីកទឹកចិត្តដល់ប្អូនបេក្ខជនឱ្យខិតខំប្រឹងប្រែងស្រាវជ្រាវ សំដៅចូលរួមចំណែកផ្លាស់ប្តូរឥរិយាបថសង្គមអោយស្រលាញ់បរិស្ថាន និងការពារធនធានធម្មជាតិប្រកបដោយនិរន្តភាព៕
ដោយ៖សិលា