ព័ត៌មានទាន់ហេតុការណ៍៖

អង្គការ​ជនជាតិ​វី​ហ្គ័​រ​ពិភពលោក ស្នើ​សុំឲ្យគណៈកម្មកា​អូឡាំពិក​អន្តរជាតិ (IOC) បញ្ឈប់​ចិនក្នុងការធ្វើជាម្ចាស់ផ្ទះ​​ព្រឹត្តិការណ៍​អូឡាំពិក ឆ្នាំ២០២២ ខាងមុននេះ

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីអង្គការជនជាតិវីហ្គ័ពិភពលោក បានចោទប្រកាន់រដ្ឋាភិបាលចិនថា បានរំលោភសិទ្ធិ និងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ទៅលើប្រជាជនវីហ្គ័នៅស៊ីនជាំនោះ ស្រាប់តែថ្មីៗនេះ នៅថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២០ អង្គការតំណាងជនជាតិភាគតិចមូស្លីមវីហ្គ័ បានស្នើគណៈកម្មកាអូឡាំពិកអន្តរជាតិ (IOC) ពិចារណាជាថ្មី ជុំវិញក្នុងការផ្ដល់សិទ្ធិឲ្យក្រុងប៉េកាំងធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារឆ្នាំ ២០២២

សម្រាប់ទិន្នន័យពីក្រុមការពារសិទ្ធិមនុស្ស និងអ្នកជំនាញ បង្ហាញថា មនុស្សជាងមួយលាននាក់មានជនជាតិវីហ្គ័ និងជនភាគតិចផ្សេងទៀតត្រូវឃុំខ្លួននៅជំរំប្រឆាំងគំនិតជ្រុលនិយម ខណៈពីរលាននាក់ទៀតត្រូវបញ្ជូនទៅកាន់មន្ទីរកែប្រែដើម្បីសិក្សាទ្រឹស្តីនយោបាយ

ជុំវិញការលើកឡើងរបស់ក្រុមសិទ្ធិមនុស្សនេះដែរ រដ្ឋាភិបាលចិនក៏បានទាត់ចោលរបាយការណ៍របស់អ្នកជំនាញដែលរកឃើញថា មានការឃុំខ្លួនមនុស្សមួយលាននាក់នៅតំបន់ស្វយ័តស៊ីនជាំ ប៉ុន្តែបើទោះជាទាត់ចោលរបាយការណ៍មែន តែមន្ត្រីចិនទទួលស្គាល់ថា មានមនុស្សខ្លះពិតជាបានឆ្លងកាត់ជំរំកែប្រែឡើងវិញមែន ព្រោះពួកគេរងឥទ្ធិពលជ្រុលនិយម

សូមជម្រាបថា នៅក្នុងលិខិតចំហមួយដែលផ្ញើទៅកាន់លោក Thomas Bach ប្រធាន IOC សមាជវីហ្គ័ពិភពលោក (WUC) ដែលជាអង្គការមានមូលដ្ឋានទីក្រុងមុយនិ ប្រទេសអាល្លឺម៉ង់ ទាក់ទងនឹងករណីខាងលើនេះពួកគេបានចោទប្រកាន់រដ្ឋាភិបាលចិនពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការធ្វើទារុណកម្មប្រឆាំងនឹងជនជាតិវីហ្គ័ និងជនភាគតិច Turk ដទៃទៀតនៅក្នុងខេត្តស៊ីនជាំ

ដោយឡែកប្រធាន WUC លោក Dolkun Isa បានរៀបរាប់ក្នុងលិខិតដែលមានចុះហត្ថលេខាថា« យើងមានការខកចិត្តយ៉ាងខ្លាំងដែលIOC មិនបានដោះស្រាយស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសចិនចាប់តាំងពីផ្តល់សិទ្ធិឲ្យក្រុងប៉េកាំងធ្វើម្ចាស់ផ្ទះអូឡាំពិករដូវរងារឆ្នាំ២០២២»​

លោកប្រធាន WUC បានបន្ថែមក្នុងលិខិតនោះទៀតថា ជាការព្រួយបារម្ភយ៉ាងខ្លាំងដែល IOC ក្នុងនាមជាស្ថាប័នអន្តរជាតិមួយ និងថែមទាំងមានក្រមសីលធម៌ដ៏រឹងមាំ បែជាខកខានមិនទទួលស្គាល់ការរំលោភសិទ្ធិមនុស្សរបស់ចិនតាមរយៈឧក្រិដ្ឋកម្មលើជនជាតិវីហ្គ័ ក៏ដូចជានៅក្នុងប្រទេសចិន

យ៉ាងណាក៏ដោយ បន្ទាប់ពីមានការអះអាងរបស់ WUC ដូច្នេះ អ្នកនាំពាក្យIOC បានឆ្លើយតបវិញថា អង្គភាពរបស់ខ្លួនមួយនេះនៅតែមានអព្យាក្រឹតលើបញ្ហានយោបាយពិភពលោក

«​សម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវរងារក្នុងក្រុងប៉េកាំង ឆ្នាំ ២០២២គណៈកម្មការវាយតម្លៃ IOC បានពិភាក្សាជាមួយអង្គការក្រៅរដ្ឋាភិបាលឯករាជ្យទាក់ទងនឹងបញ្ហាមួយចំនួនរួមទាំងសិទ្ធិមនុស្សរួចហើយ​»​ នេះជាការរៀបរាប់បន្ថែមរបស់អ្នកនាំពាក្យ

បច្ចុប្បន្នបក្សកុម្មុយនិស្តចិន (CCP) ដែលកំពុងកាន់អំណាចក្នុងប្រទេសចិនសព្វថ្ងៃបានរងសម្ពាធកាន់តែខ្លាំងពីអន្តរជាតិជុំវិញបទចោទការបង្ក្រាបជនជាតិភាគតិចមូស្លីមវីហ្គ័ នៅតំបន់ស្វយ័តស៊ីនជាំចំណែកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារឆ្នាំ ២០២២ខាងមុខនេះ ដែលគ្រោងធ្វើឡើងក្នុងក្រុងប៉េកាំង ប្រទេសចិន នឹងចាប់ផ្តើមដំណើរការប្រកួតផ្លូវការ ពីថ្ងៃទី ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២៕ដោយ៖ស តារា


ចែករំលែក៖