ភ្នំពេញ៖ ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បាន ថ្លែងប្រាប់តាមបណ្តាញសង្គម Telegram នៅល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះថា ក្រោយទទួលបានសំណុំរឿងពីសមត្ថកិច្ចនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមក, លោកព្រះរាជអាជ្ញារង សេង ហៀង បានសាកសួរតាមនីតិវិធី និង បានសម្រេចចោទប្រកាន់ឈ្មោះ រ៉ុង ឈុន ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការតាមនីតិវិធី ។
លោក គុជ គឹមឡុង បន្តថា បើចៅក្រមស៊ើបសួរសម្រេចយ៉ាងណាលោកនឹងជូនព័ត៌មានបន្តទៀត ។
សូមបញ្ជាក់ថា លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមេីលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោយពីបានចេញសេចក្តីថ្លែងការណ៍មួយពាក់ព័ន្ធនឹងបញ្ហាព្រំដែននៅខេត្តត្បូងឃ្មុំ ។
បញ្ហានេះ ខាងគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក៏បានចេញសេចក្តីថ្លែងការណ៍រួចមកហេីយដេីម្បីឱ្យសាធារណជនបានដឹងអំពីដំណេីររឿងពិត កុំឱ្យមានការភ័ន្តច្រឡំ ៕ ដោយ៖ចេស្តា