ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ ហើយទុករថយន្តចោលគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាអ្នកបើកបរនិងបុរស៣នាក់ទៀតជាអ្នករួមដំណើរបានបើករថយន្តលឿនដូចហោះដល់ផ្លូវកោងបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ខ្ទាតមកកណ្ដាលផ្លូវ ចំណែករថយន្តខ្ទាតជាច្រើនម៉ែត្របើកទៅមុខលែងរួច។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង២ និង៤០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២ ខែសីហាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុចំណុចស្តុបអូឡាំពិក  ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយបុរស៣នាក់ទៀតបានបើករថយន្តម៉ាកតូយ៉ូតា ព្រូសពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BF-7849 តាមបណ្ដោយផ្លូវព្រះសីហនុក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុជាផ្លូវកោងផងបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់មួយកង់ខ្ទាតមក កណ្ដាលផ្លូវ ចំណែករថយន្តខ្ទាតជាច្រើនម៉ែត្របើកទៅមុខលែងរួច ភ្លាមៗនោះអ្នកបើកបរ និងអ្នករួមដំណើរបាននាំគ្នាចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖