ភ្នំពេញ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០
មូលនិធិខ្មែរចំណាកស្រុកសម្តេចតេជោ សែន ដែលមានទីស្នាក់ការនៅទីក្រុងបាងកក ប្រទេសថៃ បានប្រកាសសម្តែងការគាំទ្រយ៉ាងក្លៀវក្លាចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារបូរណភាពទឹកដីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ជាពិសេសចំណាត់ការប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តគោលនយោបាយ ឈ្នះ ឈ្នះលើបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។ នេះបើយោងតាមញាតិ្ដរបស់លោកបណ្ឌិត សុខ សុក្រឹត្យា ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិខ្មែរចំណាកស្រុកសម្តេចតេជោ សែន។
លោកបណ្ឌិត សុខ សុក្រឹត្យា បានលើកឡើងថា មូលនិធិខ្មែរចំណាកស្រុកសម្តេចតេជោ សែន មានជំនឿយ៉ាងមុតមាំលើរាជរដ្ឋាភិបាលកម្ពុជា និងសូមចាត់ទុកចំណាត់ការរបស់អាជ្ញាធរមានសមត្ថិកច្ចក្នុងការចាប់ខ្លួនបុគ្គល រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំកម្ពុជាជាចំណាត់ការដ៏ត្រឹមត្រូវបំផុតក្នុងការរក្សាសន្តិភាព សម្រាប់ប្រទេសជាតិ។ លោកបណ្ឌិតបានបញ្ជាក់ថា ចំពោះសេចក្តីថ្លែងការណ៍ដែលបុគ្គល រ៉ុង ឈុន បានចេញផ្សាយជាសាធារណៈកន្លងមកនេះបានប្រឌិតរឿង និងផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយដោយចេតនាទុច្ចរិត ក្នុងគោលបំណងបំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិ និងធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកិច្ចការងារព្រំដែនរបស់រាជរដ្ឋាភិបាលជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានចេតនាបង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងការរក្សាសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់ វិស័យជូនជាតិមាតុភូមិ។
ជាមួយគ្នានេះ មូលនិធិខ្មែរចំណាកស្រុកសម្តេចតេជោ សែន សូមរក្សាជំហរគាំទ្ររាជរដ្ឋាភិបាល និងសូមអំពាវនាវដល់សាធារណ មតិជាតិ អន្តរជាតិ មេត្តាកុំជឿលើការផ្សាយព័ត៌មានបំផ្លើសដែលមានលក្ខណៈញ៉ុះញ៉ង់របស់បុគ្គល រ៉ុង ឈុន បណ្ដាញសារព័ត៌មាននានា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលគ្មានគោលបំណងអ្វីក្រៅពីការបំភ័ន្ត បំភិតបំភ័យ មួលបង្កាច់ និងបំពុលសាធារណជន បង្កឱ្យមានភាពចលាចល អស្ថិរភាព និងរាំងស្ទះដល់ការអភិវឌ្ឍរបស់កម្ពុជានោះឡើយ។លើសពីនេះទៀត មូលនិធិខ្មែរចំណាកស្រុកសម្តេចតេជោ សែន សូមអំពាវនាវដល់រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បន្តអនុវត្តន៍ច្បាប់ជាធរមានស្របតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ AKP