អាមេរិក ៖ ដោយសារតែបញ្ហាពាក់ព័ន្ធនឹងផ្លូវច្បាប់ និងសុវត្ថិភាពអ្នកប្រើប្រាស់ ធ្វើអោយក្រុមហ៊ុន Apple បានលុបចោលនូវកម្មវិធី និងហ្គេមជាច្រើនចេញពី App Store របស់ប្រទេសចិន។
កម្មវិធីទូរស័ព្ទប្រមាណ ២៩៨០០ ត្រូវបានលុបចេញពី Store រួមមានហ្គេមចំនួន ២៦០០០ផងដែរ។ ពាក់ព័ន្ធនឹងការលុបចោលនេះ ត្រូវបានប្រភពជិតស្និទ្ធបានបង្ហើបឱ្យដឹងថា មកពីកម្មវិធីទាំងនោះពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ ពោលគឺពុំមានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters។
សូមបញ្ជាក់ថា កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Apple បានទុកពេលកំណត់ត្រឹមខែមិថុនា ឆ្នាំ២០២០ ដល់ម្ចាស់កម្មវិធីទូរស័ព្ទ និងហ្គេមទាំងអស់ឱ្យធ្វើការបញ្ជូនឯកសារ ផ្លូវការរបស់រដ្ឋាភិបាលមកកាន់ក្រុមហ៊ុន Apple (អាជ្ញាប័ណ្ណអាជីវកម្ម) ព្រោះក្រុមហ៊ុនទទួលបានការរិះគន់ជាច្រើន ជាពិសេសគឺបារម្ភទៅលើសុវត្ថិភាព ទិន្នន័យអ្នកប្រើប្រាស់ ព្រោះខ្លាចកើតមានករណីចារកម្ម តាមអនឡាញ៕ដោយ៖ស តារា