ភ្នំពេញ៖ បុរសម្នាក់ដោយសារឥទ្ធិពលគ្រឿងញៀនឡើងដល់កម្រិត បានយកដំបងឈើវាយបំបាក់កាមេរ៉ាសុវត្ថិភាព រួចដុតបំផ្លាញសម្ភារហាងលក់គ្រឿងសំណង់ចិនមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ បណ្ដាលឲ្យអណ្ដាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមើលផងដែរ តែភ្លើងបានឆេះខ្ទេចអស់ហើយនៅសល់តែគ្រោងដែកប៉ុណ្ណោះ ចំណែកឯបុរសបែកថ្នាំនោះគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចផ្សារទំនើប “ហួរយាន” និងឃ្លាំងលក់សម្ភារសំណង់មួយកន្លែងយីហោ “ភីលីថុន” ដែលមានទីតាំងស្ថិតនៅលើកំណាត់ផ្លូវ៦០ម៉ែត្រ ខាងត្បូងច្រមុះជ្រូកក្បាលថ្នល់(ប្រហែល១២០ម៉ែត្រ) ស្ថិតក្នុងភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៍មានពីសមត្ថកិច្ចនគរបាលមូលដ្ឋាន បានបញ្ជាក់ថា កាលពីវេលាកើតហេតុខាងលើ ពេលដែលជនជាតិចិនជាម្ចាស់ហាងបិទទ្វារហាងចូលសម្រាកអស់ ស្រាប់តែមកដល់ម៉ោងកើតហេតុ មានជនសង្ស័យម្នាក់បានដើរមកពីខាងត្បូងហាងដៃម្ខាងកាន់ដំបងឈើ និងដៃម្ខាងទៀតកាន់ពិល ដើររកមើលនេះមើលនោះ ហើយដើរកាត់ពីមុខហាងមកធ្វើសកម្មភាពវាយនិងកាច់កាមេរ៉ាសុវត្ថិភាពចេញ ដើម្បីកុំឱ្យឃើញសកម្មភាពរបស់គេ ហើយបានដុតបំផ្លាញបំពង់ទុយយោជ័រធំៗ ដែលដាក់ចោលពីចំហៀងខាងឆ្វេងមុខហាងកើតហេតុខាងលើ បណ្ដាលឲ្យអណ្ដាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យមកជួយពន្លត់ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមើលផងដែរ តែភ្លើងបានឆេះខ្ទេចអស់ហើយនៅសល់តែគ្រោងដែកប៉ុណ្ណោះ តែបុរសបែកថ្នាំនោះគេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ ប្រធានសន្តិសុខរួមទាំងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ បានចុះទៅឆែកកាមេរ៉ាសុវត្ថិភាពក្នុងហាង ដើម្បីកំណត់មុខសញ្ញា ស្រាប់តែប្រធានសន្តិសុខភ្ញាក់ព្រើតព្រោះជនដែលដុតបំផ្លាញនោះ ត្រូវបានគាត់ស្គាល់យ៉ាងច្បាស់ដែលគាត់ហៅឈ្មោះថា “អាស័ក្តិ៣” ព្រោះជាអតីតកូនចៅរបស់គាត់ដែលជាសន្តិសុខយាមការដ្ឋានចិនមួយកន្លែង នៅម្ដុំផ្លូវ៦០ម៉ែត្រនោះដែរ តែដោយសារតែជននោះ ប្រើប្រាស់ថ្នាំញៀនហួសកម្រិត មិនស្ដាប់បទបញ្ជាយាមកាម និងធ្វើរឿងរ៉ាវប្លែកៗពេក ទើបលោកឈប់ឱ្យធ្វើការអស់ពេលរយៈពេលជាង១ខែមកហើយ ហើយបែរជាមកធ្វើសកម្មភាពដូច្នេះទៅវិញ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានឲ្យជនជាតិចិនដែលជាម្ចាស់ហាង ឬតំណាងអ្នកបកប្រែ អាចទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែលើបាន ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកមុខជនសង្ស័យ ដែលដុតបំផ្លាញសម្ភារហាងកើតហេតុនោះយកមកផ្ដន្ទាទោសតាមច្បាប់ ៕ដោយ៖ស តារា