ខេត្តក្រចេះ៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០វេលាម៉ោង៦និង៣០នាទីព្រឹក ឈ្មោះ សន ឈាត ភេទប្រុស អាយុ ៤៧ឆ្នាំ ប្រពន្ធឈ្មោះ គុជ សុភី មានទីលំនៅភូមិកំពង់ដ ឃុំជ្រោយបន្ទាយស្រុកព្រែកប្រសព្វ បានមកប្តឹងនៅប៉ុស្តិ៍រដ្ឋបាលជ្រោយបន្ទាយថា គាត់បានបាត់ក្របីញីចំនួន៣ក្បាល កាលពីយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ដែលខ្លួនចងទុកក្រោយខ្ទមស្រែចម្ងាយប្រហែល១៥០ម៉ែត្រនៅចំណុចស្រែថ្មី ក្រោយភូមិកំពង់ដ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ក្រោយពីបានទទួលព័ត៌មាននេះភ្លាម លោកអធិការនគរបាលស្រុកបានចាត់កម្លាំងគ្រប់ប៉ុស្តិ៍ឱ្យដឹកនាំកម្លាំងប្រជាការពារស្ទាក់គ្រប់ច្រកល្ហក ។
លុះដល់ម៉ោង ២១និង៣០នាទីយប់ថ្ងៃខែឆ្នាំដដែល កម្លាំងស្នាក់ការកំពែងក្នុងឃុំព្រែកប្រសព្វបានឃើញរថយន្តមួយគ្រឿងមានតម្រុយសង្ស័យថាជារថយន្តដឹកក្របីក៏ហៅឈប់ តែរថយន្តនោះមិនឈប់ហើយព្យាយាមបើករត់គេច ក៏ត្រូវកម្លាំងនគរបាលបានដេញតាមពីក្រោយរហូតដល់ឃាត់ខ្លួនបានមនុស្ស២នាក់នៅចំណុចមុខផ្ទះលោកឧកញ៉ា លឹម ប៊ុណ្ណា ក្នុងភូមិសាស្រ្តឃុំសោប ស្រុកព្រែកប្រសព្វ ។
ជនសង្ស័យទាំងពីរនាក់នេះមាន៖
១-ឈ្មោះ យឺត ពៅ ភេទប្រុស អាយុ ៤៨ឆ្នាំ នៅភូមិកន្រ្តីង ឃុំអូរឫស្សី ក្រុងក្រចេះនិង២-ឈ្មោះ ចាន់ សុផល ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល។
ចំណែករថយន្តដែលដឹកក្របីនោះម៉ាកហ៉ីយ៉ាន់ដាយចំណុះ២,៥តោន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3B-1262 និងក្របីញី៣ក្បាលនៅលើរថយន្ត ។
បច្ចុប្បន្នមុខសញ្ញាចោរលួចក្របីនេះកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ៕
ដោយ៖សូរិយា