កីឡាអន្តរជាតិ៖ ប្រធានក្លិបលោក Rocco Commisso បាននិយាយថា ក្លិប Fiorentinaមានឆន្ទៈក្នុងការលក់កីឡាករ Federico Chiesa ក្នុងតម្លៃសមរម្យ។ នេះបើយោងតាមការចុះផ្សាយរបស់ Live Score នៅព្រឹកថ្ងៃចន្ទនេះ។
កីឡាករ Chiesa មានវ័យ២២ឆ្នាំត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្លិបយក្សនៅអុីតាលីគឺ Juventus, Inter Milan និង AC Milan ។
បន្ទាប់ពីទទួលបានជ័យជម្នះ ៣-១ លើក្រុម SPAL នៅថ្ងៃចុងក្រោយនៃរដូវកាល២០១៩-២០២០ កាលពីថ្ងៃអាទិត្យលោក Commisso បានបញ្ជាក់ជាថ្មីម្តងទៀតថា Fiorentina បានបើកការលក់តារាឆ្នើមរូបនេះនៅពេលខាងមុខ ប៉ុន្តែមិនទាន់ប្រញាប់ប្រញាល់ពេកនោះទេ។ លោកបានប្រាប់ទូរទស្សន៍ Sky Sport ថា Chiesa នៅតែនៅក្នុងក្លិប Fiorentina យើងសង្ឃឹមថាគាត់មានអនាគតល្អ។
លោក Commisso បានបន្ថែមទៀតថា “ខ្ញុំសង្ឃឹមថាគាត់នឹងស្នាក់នៅក្នុងក្លិប ប៉ុន្តែប្រសិនបើគាត់ចង់ចាកចេញពួកគេត្រូវតែបង់ប្រាក់ឱ្យគាត់នូវអ្វីដែលយើងឱ្យតម្លៃគាត់លើលក្ខខណ្ឌរបស់យើង” ។
ខ្សែប្រយុទ្ធ Chiesa រកបាន១១គ្រាប់ និងបញ្ជូនបាល់ឲ្យដៃគូស៊ុតបាន៦គ្រាប់ ក្នុង៣៧ប្រកួតនៅរដូវកាលនេះសម្រាប់ក្រុម Fiorentina ដែលបញ្ចប់នៅលីគកំពូលអុីតាលីនៅចំណាត់ថ្នាក់លេខ១០ ៕ដោយ៖ភារៈ