ភ្នំពេញ៖ ក្រោយជួបរឿងព្យុះភ្លៀងកក្រើកអស់មហាជន រឿងស្វាមីស្និទ្ធនឹងស្រីផ្សេង គង់ សុជាតិ បានបង្ហាញភាពផ្អែមល្ហែមជាថ្មី។ ដំណឹងចុងក្រោយលើកឡើងថា គូស្នេហ៍ជាពិធីករទាំងពីររូបនេះគ្រោងបន្តគម្រោងយកកំណើតកូនដែលជាកូនភ្លោះថែមទៀតផង។
ចំណងស្នេហ៍ជិត៧ឆ្នាំ របស់អ្នកនាង សុជាតិ និងលោក ជា វិបុលទទួលបានចំណងដៃកូនស្រីម្នាក់ ឈ្មោះជា សុជាតិនារី ហៅដូរី អាយុជាង៣ឆ្នាំ។ ដើម្បីឲ្យចំណងស្នេហាកាន់តែរឹងមាំថែមទៀតសុជាតិ នឹងរៀបគម្រោងយកកូនភ្លោះ ខណៈដែលកូនដំបូងរបស់នាងក៏មានជំនួយពីផ្នែកវិទ្យាសាស្ត្រក្នុងស្រុកផងដែរ។ ប្រភពពីអ្នកជិតដិតលើកឡើងថាដោយមិនចង់បន្តអូសបន្លាយពេលវេលាច្រើន គង់ សុជាតិ និងស្វាមីគ្រោងបង្កើតតំណក់ឈាមរួមគ្នាជាថ្មីហើយកូនក្រោយនេះពួកគេគ្រោងយកភ្លោះតែម្តងដោយពឹងពាក់មន្ទីរពិសោធន៍ល្បីល្បាញមួយនៅភ្នំពេញ។ ប្រភពថាពួកគេចង់បានកូន២នាក់បន្ថែមទៀតនិងមិនចង់ចំណាយពេលវេលាពរពោះខណៈអ្នកនាងគង់ សុជាតិក៏មានវ័យច្រើនជាង៤០ ឆ្នាំផងដែរ។ មានការលើកឡើងដែរថា គម្រោងបង្ករកកំណើតកូនបន្ទាប់នេះធ្វើឡើងដើម្បីបំពេញបំណងស្វាមី និងចង់ចងចិត្តស្វាមីឲ្យបានកាន់តែរឹងមាំ។ ប្រភពបន្តដែរថា ពេលវេលាទំនេរ ពួកគេបានបង្កើតអនុស្សាវរីយ៍បន្ថែមដើម្បីរិតចំណងស្នេហ៍ និងស្របតាមការណែនាំរបស់វេជ្ជបណ្ឌិតដែលតម្រូវឲ្យពួកគេធ្វើចិត្តឲ្យសប្បាយដើម្បីបង្កើត និងបង្កើនឱកាសបង្ករកំណើតកូនបន្ទាប់។
គួរបញ្ជាក់ដែរថា កាលពីអំឡុងខែមិថុនា ឆ្នាំ២០២០នេះមានការភ្ញាក់ផ្អើលមួយកើតមានឡើងពេញកន្លែងធ្វើការ(ទូរទស្សន៍ហង្សមាស) របស់ពួកគេក្រោយពីមានការផ្ទុះឡើងរឿងរ៉ាវស្នេហាក្រៅឆាករវាងលោក ជា វិបុល និងដៃគូអ្នកនាងចាន់ កែវ និមលរហូតអគ្គនាយកក្រុមហ៊ុនចេញអន្តរាគមន៍ស្នើឲ្យអ្នកផលិតកម្មផ្អាកការចាប់ដៃគូដើម្បីបញ្ចៀសរឿងរ៉ាវកាន់តែធំ។ ក្រោយជួបរឿងគ្រាំចិត្តរហូតចូលសម្រាកនៅមន្ទីរពេទ្យ ស្នេហារបស់អ្នកទាំងពីរបានវិលមករកភាពប្រក្រតីឡើងវិញ ហើយពួកគេបានធ្វើដំណើរកម្សាន្តរួមគ្នាជាញឹកញាប់ជាងមុន៕ ដោយ៖ វឌ្ឍនា