ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រាជិះម៉ូតូបុកគូទរថយន្តមិនស្គាល់ម៉ាកពីក្រោយស្លាប់ម្នាក់របួសស្រាលម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ស្លាប់នៅនឹងកន្លែងនិងម្នាក់ទៀតរងរបួស ខណៈស្រវឹងស្រាបើកម៉ូតូលឿនជ្រុលទៅបុកគូទរថយន្តមិនស្គាល់ម៉ាកពីក្រោយយ៉ាងពេញទំហឹងលាន់ដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥នាទីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២០នៅលើផ្លូវជាតិលេខ១ត្រង់ចន្លោះគឺឡូម៉ែត្រលេខ ១៤៤និងលេខ១៤៥ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ រាជ ពិសិដ្ឋ  អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង និងអ្នករួមដំណើររងរបួសស្រាលមានឈ្មោះសុខ គា  អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិថ្នល់ទទឹង សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយកើតហេតុបើករថយន្តមិនស្គាល់ម៉ាកគេចចេញទៅទិសខាងលិចបាត់ស្រមោល។

បើតាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាកZUSUKI ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១W-១០៤៨ ជិះគ្នា២នាក់ក្នុងទិសដៅពីកើតទៅលិច សង្ស័យស្រវឹងស្រាប្រើប្រាស់ល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើក៏បានទៅបុកពីក្រោយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានតែម្ដង។

បច្ចុប្បន្នអ្នករងបួសត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ  រីឯសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ យឹម សុីថាន


ចែករំលែក៖