ព័ត៌មានទាន់ហេតុការណ៍៖

បណ្តាញទូរស័ព្ទចល័ត 4GLTE របស់ក្រុមហ៊ុនសែលកាត ត្រូវបានទទួលស្គាល់ដោយស្ថាប័ន Opensignal ជាជ័យលាភីពានរង្វាន់ បទពិសោធន៍នៃការលេងហ្គេម

ចែករំលែក៖

ក្នុងថ្ងៃនេះ ក្រុមហ៊ុនសែលកាត ត្រូវបានប្រកាសទទួលស្គាល់ដោយស្ថាប័ន OpenSignal ជាជ័យលាភីពានរង្វាន់ បទពិសោធន៍នៃការលេងហ្គេម (Games Experience) ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។

សេចក្តីប្រកាសនេះ បានបញ្ជាក់ឱ្យកាន់តែច្បាស់នូវភាពនាំមុខគេរបស់ក្រុមហ៊ុនសែលកាត ទៅលើវិស័យកីឡាអេឡិចត្រូនិច នៅក្នុងប្រទេសកម្ពុជាក៏ដូចជាបង្ហាញឱ្យឃើញថាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនក្នុងការផ្តល់ជូនបទពិសោធន៍ប្រើប្រាស់បណ្តាញទូរស័ព្ទចល័តប្រកបដោយគុណភាពខ្ពស់ដល់អ្នកស្នេហាវិស័យហ្គេម ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងតំបន់ និងទូទាំងពិភពលោកផងដែរ។

Opensignal គឺជាស្ថាប័នឯករាជ្យមួយ ដែលបានបង្កើតស្តង់ដារពិភពលោក សម្រាប់ការវិភាគទៅលើបទពិសោធន៍ប្រើប្រាស់ទូរស័ព្ទចល័តរបស់អតិថិជន។

តាមរយៈរបាយការណ៍ចុងក្រោយរបស់ស្ថាប័ននេះស្តីអំពីប្រទេសកម្ពុជា បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុនសែលកាត គឺជាប្រតិបត្តិករថ្នាក់ជាតិតែមួយគត់ ដែលអ្នកប្រើប្រាស់ទទួលបាន បទពិសោធន៍នៃការលេងហ្គេមកម្រិតខ្ពស់ជាងគេបំផុតក្នុងបណ្តាញ4G។

បទពិសោធន៏នៃការលេងហ្គេមរបស់សែលកាត នៅលើបណ្តាញ 4GLTE ទទួលបានពិន្ទុ 47.2 ក្នុងចំណោមពិន្ទុផ្តល់ជូន 100 ខណៈក្រុមហ៊ុនមិត្តហ្វូនទទួលបានពិន្ទុ 39.9 ហើយក្រុមហ៊ុន Smart Axiata ទទួលបាន 38.8 ពិន្ទុ ។ (ពិន្ទុក្រោម 40 ត្រូវបានចាត់ទុកថាស្ថិតនៅក្នុងកម្រិត “អន់បំផុត”។)

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា ប្រទេសកម្ពុជា ត្រូវតែខិតខំបង្កើនកម្រិតគុណភាពបន្តទៀត ទើបអាចឈានទៅដល់កម្រិតប្រដំប្រសងគ្នាជាមួយនឹងទីផ្សារកីឡាអេឡិចត្រូនិចឈានមុខគេផ្សេងទៀតដូចជាប្រទេសថៃ និងប្រទេសម៉ាឡេស៊ីជាដើម ដែលទីផ្សារទាំងពីរនេះ ទទួលបានពិន្ទុសម្រាប់បទពិសោធន៍នៃការលេងហ្គេម ច្រើនជាង 70 (ពោលគឺឋិតនៅក្នុងកម្រិត “បង្គួរ”) ។

លោក វ៉ាតសុន បានមានប្រសាសន៍បន្តទៀតថា៖ “សែលកាតបានចាប់ផ្តើមផ្តោតទៅលើវិស័យកីឡាអេឡិចត្រូនិច ចាប់តាំងពីឆ្នាំ 2018 មកម្ល៉េះ ហើយទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីប្រកួត ក៏ដូចជាចាប់ដៃគូសហការ ដើម្បីជួយបំពេញសេចក្តីត្រូវការរបស់សហគមន៍កីឡាអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជា ដែលតាមរយៈការប៉ាន់ស្មាន គឺមានប្រហែលជាង 2 លាននាក់ ក្នុងពេលបច្ចុប្បន្ននេះ។

“ខណៈដែលសែលកាតអាចទទួលបានពិន្ទុ 47.2 សម្រាប់បទពិសោធន៍នៃការលេងហ្គេម4Gនេះ គឺយើងអាចសន្មត់បានថា វាជាសមិទ្ធិផលដ៏អស្ចារ្យបំផុតមួយ ព្រោះថាបើពិនិត្យមើលទៅកាន់ប្រទេសថៃ និងម៉ាឡេស៊ីឯណោះវិញ ទីផ្សារឈានមុខគេទាំងពីរនេះ មានអ្នកលេងហ្គេមប្រហែលជាង 20 លាននាក់ ហើយប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តរបស់ពួកគេដែលមានដូចជា AIS និង Maxis វិញទៀតសោត ក៏សុទ្ធតែមានសមត្ថភាពខ្ពស់ទៅលើការរៀបចំកម្មវិធីសម្រាប់វិស័យកីឡាអេឡិចត្រូនិចរបស់ពួកគេផងដែរ។

ក្រុមហ៊ុនសែលកាត នឹងនៅតែបន្តគាំទ្រ ក៏ដូចជាជួយអភិវឌ្ឍសហគមន៍វិស័យកីឡាអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជា រួមទាំងជួយផ្សាភ្ជាប់កីឡាករក្នុងស្រុកជាមួយនឹងវិស័យកីឡាអេឡិចត្រូនិចអន្តរជាតិដែលកំពុងរីកលូតលាស់ជាខ្លាំង ដើម្បីចូលរួមជម្រុញទឹកចិត្តដល់អ្នកសេ្នហាវិស័យហ្គេមទាំងអស់ ដែលមានបំណងចង់ក្លាយខ្លួនជាកីឡាករអាជីព នៅក្នុងវិស័យកីឡាមួយនេះ។

លោក វ៉ាតសុន បានមានប្រសាសន៍បន្ថែមថា លោកសូមកោតសរសើរជាខ្លាំង ចំពោះស្ថាប័នឯករាជ្យអន្តរជាតិ ដែលក្នុងនោះរួមមានស្ថាប័ន Opensignal ជាដើម ដែលបានខិតខំប្រឹងប្រែងក្នុងការស្វែងយល់ពីតម្រូវការ និងអាកប្បកិរិយារបស់អ្នកប្រើប្រាស់ក្នុងសម័យដ៏ជឿនលឿនបំផុតបែបនេះ ដើម្បីណែនាំនូវកម្រិតវាស់ស្ទង់ថ្មី តួយ៉ាងដូចជា បទពិសោធន៍នៃការលេងហ្គេមនេះជាដើម។

កម្រិតវាស់ស្ទង់ថ្មីនេះ ដែលត្រូវបានបង្កើតផ្អែកលើស្តង់ដាររបស់ ITU (សហភាពទូរគមនាគមន៍អន្តរជាតិ) នឹងចូលរួមវិភាគទៅលើ បទពិសោធន៍នៃការលេងហ្គេមជាលក្ខណៈបណ្តាញលើទូរស័ព្ទចល័ត ថាតើវានឹងមានឥទ្ធិពលបែបណាខ្លះ ទៅលើលក្ខខណ្ឌបណ្តាញទូរស័ព្ទចល័ត ដែលក្នុងនោះរួមមានទាំងល្បឿននៃការបញ្ជូនទិន្នន័យ និងបញ្ហារួមទាំងភាពយឺតយ៉ាវនៃការបញ្ចូនរលកសញ្ញាផងដែរ។

លោក វ៉ាតសុន បានឱ្យដឹងទៀតថា៖ “ក្នុងចំណោមកីឡាករហ្គេមទាំងអស់ ពិតជាមិនមាននរណាដែលចង់ចាញ់ការប្រកួត ដោយសារតែបណ្តាញអ៊ីនធើណិតដំណើរការយឺតនោះឡើយ”។
“ជាពិសេសសម្រាប់កីឡាអេឡិចត្រូនិច ដែលជាប្រភេទហ្គេមទាមទារឱ្យប្រើប្រាស់ជំនាញខ្លាំងនេះតែម្តង គឺបណ្តាញអ៊ីនធើណិតមានតួនាទីសំខាន់ខ្លាំងណាស់ ពោលគឺវាអាចមានឥទ្ធិពលកំណត់ជោគវាសនាអ្នកនាំមុខគេនៅក្នុងតារាងចំណាត់ថ្នាក់តែម្តង”។

ដើម្បីអបអរសាទរនូវសមិទ្ធិផលដែលទទួលបាននេះ ក្រុមហ៊ុនសែលកាត នឹងធ្វើការរៀបចំកម្មវិធីផ្សាយរយៈពេលពេញមួយថ្ងៃ នាថ្ងៃទី 14 ខែសីហាខាងមុខនេះ ដើម្បីឱ្យអ្នកលេងហ្គេមអាចស្វែងយល់បន្ថែមអំពីកីឡាអេឡិចត្រូនិច ក៏ដូចជាដើម្បីឱ្យពួកគាត់បានទស្សនា នូវការប្រកួតប្រជែងគ្នាដោយផ្ទាល់របស់កីឡាករហ្គេមអាជីព នៅលើបណ្តាញទូរស័ព្ទចល័តសែលកាតផងដែរ។

ព្រឹត្តិការណ៍ប្រកួតប្រជែងនេះ នឹងមានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកថ្មីរបស់សែលកាត ដែលមានឈ្មោះថា PlayGame ដោយក្នុងនោះ នឹងមានការចូលរួមពីសំណាក់កីឡាករ និងអ្នកអត្ថាធិប្បាយល្បីៗ រួមមានដូចជា ក្រុម Orange Esports, Henaa, Ice Frogz, Ream Angkor, Private Plork និងក្រុមកីឡាករផ្សេងៗជាច្រើនទៀតផងដែរ។

ព័ត៌មានបន្ថែមស្តីអំពីការវាស់ស្ទង់ និងការផ្តល់ពិន្ទុទៅលើ បទពិសោធន៍នៃការលេងហ្គេម របស់ស្ថាប័ន OpenSignal (2020)៖

សម្រាប់ការវាស់ស្ទង់ទៅលើ បទពិសោធន៍នៃការលេងហ្គេមលើទូរស័ព្ទចល័តជាលក្ខណៈបណ្តាញ គឺប្រទេសសិង្ហបុរី ជាជ័យលាភីមេដាយមាស ដែលទទួលបានពិន្ទុ 84.5។

កីឡាករនៅតាមបណ្តាប្រទេសក្នុងទ្វីបអាស៊ីមានកម្រិត បទពិសោធន៍នៃការលេងហ្គេម ច្រើនសណ្ឋានជាងតំបន់ផ្សេងៗដទៃទៀត ដោយក្នុងនោះ៖
31 ភាគរយនៃបណ្តាប្រទេសក្នុងទ្វីបអាស៊ី បានស្ថិតនៅក្នុងចំណាត់ថ្នាក់ខ្សោយ 27 ភាគរយ បានឋិតនៅក្នុងកម្រិតបង្គួរ 15 ភាគរយ ទទួលបានចំណាត់ថ្នាក់ល្អ និង 8 ភាគរយទៀត ទទួលបានចំណាត់ថ្នាក់ល្អបំផុត។
ទីផ្សារហ្គេមសំខាន់ៗនៅក្នុងអាស៊ី ដែលទើបតែឈានដល់កម្រិតពាក់កណ្តាលនៃតារាងសម្រាប់បទពិសោធន៍នៃការលេងហ្គេមមានដូចជា៖ ទីក្រុងហុងកុង ប្រទេសម៉ាឡេស៊ី ថៃ និង វៀតណាម ដែលបទពិសោធន៍នៃការលេងហ្គេមមានកម្រិតបង្គួរ ខណៈប្រទេសឥណ្ឌូណេស៊ីបានធ្លាក់ចូលទៅក្នុងចំណាត់ថ្នាក់ខ្សោយ ដោយទទួលបានពិន្ទុត្រឹមតែ 63.6 ប៉ុណ្ណោះ៕


ចែករំលែក៖