អន្តរជាតិ៖ មេដឹកនាំសាសនារបស់ព្រះវិហារ Shincheonji គឺលោក Lee Man-hee អាយុ ៨៨ឆ្នាំ ដែលជាប់ទាក់ទងទៅនឹងការផ្ទុះឡើងនៃជំងឺCOVID-19 ដ៏ធំបំផុតនៅកូរ៉េខាងត្បូងនោះ ត្រូវបានអាជ្ញាធរឃាត់ខ្លួនហើយ។ ខណៈអាជ្ញាធរឃាត់ខ្លួនមេដឹកនាំរូបនេះ បន្ទាប់ពីមានការឆ្លងជំងឺCOVID-19 ទាក់ទងជាមួយព្រះវិហារនោះ គឺមានរហូតដល់ទៅ ៥,០០០ករណី ដែលស្មើនឹង ៣៦% នៃចំនួនឆ្លងសរុបរបស់កូរ៉េខាងត្បូងទាំងមូល ។
ជុំវិញបញ្ហានេះ អាជ្ញាធរ បានចោទប្រកាន់មេដឹកនាំរូបនេះ ពីបទ លាក់បាំងព័ត៌មានអំពីសមាជិកក្រុមនិងការប្រមូលផ្ដុំ នៅពេលដែលក្រុមអ្នកជំនាញចុះស្រាវជ្រាវរកអ្នកដែលមានទំនាក់ទំនង។នេះបើយោងតាមការចុះផ្សាយរបស់BBC កាលពីថ្ងៃអាទិត្យ ទី០២ ខែសីហាឆ្នាំ២០២០ម្សិលមិញនេះ ។
គួរបញ្ជាក់ថា លោក Lee Man-hee ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃសៅរ៍សប្ដាហ៍មុន បន្ទាប់ពីការស៊ើបអង្កេត ហើយចៅក្រម បាននិយាយថា មានសញ្ញាដែលបង្ហាញថាភស្តុតាងទាក់ទងនឹងករណីនេះកំពុងត្រូវបានបំផ្លាញចោល។ លោក Lee Man-hee ក៏ត្រូវបានចោទប្រកាន់ពីបទកិបកេងប្រាក់៥.៦ ពាន់លានវ៉ុន (៤.៧លានដុល្លារ) និងប្រារព្ធព្រឹត្តិការណ៍សាសនាដែលមិនមានការយល់ព្រមពីអាជ្ញាធរ។ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍មួយវិហារShincheonji បាននិយាយថា លោក Lee Man-hee មានការព្រួយបារម្ភអំពី «សំណើហួសហេតុ» សម្រាប់ព័ត៌មានផ្ទាល់ខ្លួនរបស់សមាជិក ហើយមិនដែលព្យាយាមរារាំងការស៊ើបអង្កេតនោះទេ។
បើយោងតាមសេចក្តីថ្លែងការណ៍ខាងលើនេះ បានបន្ថែមថា ការចេញដីកាចាប់ខ្លួនរបស់តុលាការមិនមានន័យថា៖ វាជាសាលក្រមដែលបញ្ជាក់ថាគាត់មានពិរុទ្ធទេ រហូតទាល់តែឆ្លងកាត់ការកាត់ក្ដីនាពេលខាងមុខបន្ដទៀត។ហើយក្រុមសាសនានេះ មានសមាជិនចំនួន២៣០,០០០នាក់ រួមមានសមាជិកចំនួន ២០,០០០ នៅបរទេសដូចជា៖ ប្រទេសចិន ជប៉ុន និងផ្នែកមួយចំនួននៅអាស៊ីអាគ្នេយ៍។ បច្ចុប្បន្នគេជឿជាក់ថា សមាជិកនៃព្រះវិហារនេះ បានចម្លងគ្នាពីមួយទៅមួយ ហើយបែកចេញទៅទូទាំងប្រទេសអំឡុងខែកុម្ភៈ កន្កងទៅ៕ដោយ៖ស តារា