ព័ត៌មានទាន់ហេតុការណ៍៖

ពុទ្ធោ! ដំក្បាលគ្រាប់ផ្ទុះកក្រើកដីស្លាប់ ២នាក់គួរឱ្យរន្ធត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរស២នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ គ្រាដែលពួកគេនាំគ្នាដំក្បាលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បណ្ដាលឲ្យផ្ទុះឡើងកក្រើកដីបង្កការភ្ញាក់ផ្អើលជាខ្លាំង។

 ហេតុការណ៍ផ្ទុះក្បាលគ្រាប់បណ្ដាលឲ្យបុរសពីរនាក់ស្លាប់ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៤ និង០០នាទី រសៀលថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នៅម្ដុំប៉ែតសិបត្រង់ចំណុចក្រោលគោក្នុងចម្ការ ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

 លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងប្រាប់ថា ជនរងគ្រោះ(ស្លាប់)ទី១-ឈ្មោះយ៉ង់ រី ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងទី២-ឈ្មោះ ង៉ែត ត្រា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្ន អ្នកទាំង២នាក់ រស់នៅភូមិ.ឃុំកើតហេតុ ។

 លោក អធិការនគរបាលស្រុកវាលវែងបន្តទៀតថា ក្រោយទទួលបាននូវព័ត៌មាននេះភ្លាម យើងបានសហការគ្នាចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវ ហើយជាលទ្ធផល 

គឺគ្រាប់នោះយើងពុំទាន់ដឹងថាជាប្រភេទអ្វីនៅឡើយទេ។ ចំណែកសពយើងធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖