ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបំពានច្បាប់ចត្តាឡីស័កនៅរដុ្ឋវិចទ័ររៀ ត្រូវផាកពិន័យ២ម៉ឺនដុល្លារ អូស្ត្រាលី

ចែករំលែក៖

អូស្រ្តាលី៖ រដ្ឋវិចទ័ររៀ មានពលរដ្ឋច្រើនលំដាប់ទីពីរនៅអូស្ត្រាលី នៅថ្ងៃទី ៤ ខែសីហានេះ​បាន​ប្រកាសថា បុគ្គលណាបំពានច្បាប់ចត្តាឡីស័ក​នឹងត្រូវផាកពិន័យជាទឹកប្រាក់រហូតដល់ទៅ​២ម៉ឺនដុល្លារអូស្ត្រាលី​ ។
សារព័ត៌មានរ៉យទ័រ​បានផ្សាយថា រដ្ឋវិចទ័ររៀ បានទទួលកម្លាំងយោធា​៥០០នាក់ទៀតដែលរដ្ឋាភិបាលបានបញ្ជូនមកដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩។ នៅដើមសប្តាហ៍នេះ រដ្ឋវិចទ័ររៀបានអនុម័តច្បាប់​បម្រាមនៅពេលយប់​ ដោយរឹតបន្តឹងការធ្វើដំណើរ​ចុះឡើងរបស់ពលរដ្ឋ។
ក្នុងចំណោមអ្នកឆ្លងកូវីដ​-១៩​ មានដល់ទៅ​១ភាគ៣មិនព្រមកាត់ផ្តាច់នៅក្នុងផ្ទះដោយខ្លួនឯង រហូតដល់មន្ត្រីត្រួតពិនិត្យទើបរកឃើញមានកូវីដ​-១៩​។ ទាំងនោះហើយបានជាអភិបាលរដ្ឋ​វិចទ័ររៀ​លោក Daniel Andrew ស្នើផាកពិន័យធ្ងន់បំផុតដល់អ្នកបំពានច្បាប់ចត្តាឡីស័ក។
អភិបាលរដ្ឋ វិចទ័ររៀបានបញ្ជាក់ថា អ្នកណាដែលបំពានច្បាប់​ចត្តាឡីស័កជាលើកដំបូង នឹងត្រូវពិន័យជាទឹកប្រាក់៥ពាន់ដុល្លារអូស្ត្រាលី(៣.៥៦០ដុល្លារអាមេរិក)។ ចំណែកអ្នកបំពានច្បាប់ម្តងហើយម្តងទៀតត្រូវពិន័យជាទឹកប្រាក់ដល់ទៅ ២ម៉ឺនដុល្លារអូស្ត្រាលី (ប្រមាណ១៤.២៥០ USD)។
គិតដល់ថ្ងៃទី​៤ ខែសីហា ​អូស្ត្រាលី មានអ្នកឆ្លងកូវីដ​-១៩ សរុបជិត​១៩ពាន់នាក់ និងស្លាប់​២៣២នាក់​ គឺមានតិចជាងប្រទេស​អភិវឌ្ឍន៍ផ្សេងទៀតដោយសារតែអូស្ត្រាលីបិទទ្វារប្រទេសលឿន​។ ដោយឡែកក្នុងរដ្ឋវិចទ័ររៀមានអ្នកឆ្លង​១២ពាន់នាក់ និងស្លាប់​១៣៦នាក់​។ នៅថ្ងៃទី​៤ខែសីហាក្នុងរដ្ឋនេះមានអ្នកឆ្លងថ្មី ៤៣៩នាក់៕ដោយ៖ធី រីណា


ចែករំលែក៖